អាជ្ញាធរខេត្តប៉ៃលិន ធ្វើពិធីបួងសួងសុំសេចក្តីសុខ នៅអាស្រមរូបសំណាក់លោកយាយយ៉ាត

15

ប៉ៃលិន ៖  ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានអញ្ជើញធ្វើពិធី ថ្វាយគ្រឿងដង្វាយ ភ្លេងពិណពាទ្យ របាំជូនពរ និងរបាំក្ងោក ដល់រូបសំណាកលោកយាយយ៉ាត ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសជៀសចេញឱ្យផុតពីជំងឺកូវីដ១៩ (Covid-19) ទាំងអស់គ្នា ។

ពិធីនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នៅចំណុចអាសនៈលោកយាយយ៉ាត ស្ថិតនៅជើងភ្នំយ៉ាង ជាប់ផ្លូវជាតិលេខ៥៧ ក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្នុងក្រុងបៃលិន ខេត្តប៉ៃលិន ក្រោមការនិមន្តចូលរួមពីសំណាក់ សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា ។

បើតាមការបញ្ជាក់របស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានឲ្យដឹងថា ការធ្វើពិធីបួងសួង សុំសេចក្តីសុខសេចក្តីចម្រើននាពេលនេះ គឺ ចង់បានពរជ័យពីលោកយាយយ៉ាត ដែលមានបារមីថែរក្សាលើទឹកដីត្បូងពេជ្រ សូមតាមជួយបីបាច់ថែរក្សា ថ្នាក់ដឹកនាំ មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋ ទូទាំងខេត្តប៉ៃលិន និងប្រទេសជាតិ ឲ្យជៀសផុតពីគ្រោះធម្មជាតិ នានា និងជំងឺដង្កាត់ផ្សេងៗ ជាពិសេសជៀសចេញឲ្យផុតពីជំងឺកូវីដ១៩ (Covid-19)   ដែលកំពុងចម្លងរីករាលដាល នៅក្នុងប្រទេស និងនៅទូទាំង សកលលោក។

បើទោះបីជាខេត្តប៉ៃលិន ពុំទាន់មានករណីជម្ងឺកូវីដ-១៩ (COVID-19) ផ្ទុះឆ្លងចូលសហគមក៏ពិតមែន តែក្នុងនាមថ្នាក់ដឹកនាំខេត្ត លោកជំទាវ បាន ស្រីមុំ បានអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារខ្លួនពីជំងឺដ៏កាចសាហាវនេះ និងជំងឺឆ្លងផ្សេងៗ ដោយអនុវត្តនូវវិធានការ “៣ការពារ ៣កុំ” របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាវិធានការនានា របស់ក្រសួងសុខាភិបាល ៕

ដោយ ៖ សម្បត្តិ សីហា

ចំណែក