នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ដុតបំផ្លាញគ្រឿងញៀនទម្ងន់ ១០ពាន់.៩៤៦ កណ្តក់សញ្ញា ៦៥ក្រាម

ខេត្តបាត់ដំបង! ក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន(២៦-មិថុនា-២០២២) ដែលប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅបរិវេណវាលបែកចាន ខេត្តបាត់ដំបង ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញដុតបំផ្លាញគ្រឿងញៀនទម្ងន់ ១០.៩៤៦,៦៥ក្រាម(ដប់ពាន់ប្រាំបួនរយសែសិបប្រាំមួយ កណ្តក់សញ្ញា ហុកសិបប្រាំ)ក្រាម ដែលប្រមូលបានពីខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។

នាឱកាសនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានអានសារលិខិតទាំងស្រុងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយអ្វីដែលសំខាន់គឺការអំពាវនាវដល់បងប្អូនទាំងអស់បន្តចូលរួម និងគាំទ្រឱ្យបានកាន់តែសកម្មថែមទៀត ដើម្បីរួមគ្នា បង្ការទប់ស្កាត់ និងដោះស្រាយនូវរាល់បញ្ហាដែលអាចកើតមាននៅក្នុងសហគមន៍ និងបន្តយកចិត្តទុកដាក់ថែទាំ និងអប់រំ កូនចៅឱ្យបានល្អ ដើម្បីឱ្យពួកគេលូតលាស់ធំធាត់ប្រកបដោយសុខភាពនិងសុវត្ថិភាព ចៀសផុតពីបញ្ហាគ្រឿងញៀន បញ្ហាអវិជ្ជមានក្នុងសង្គមផ្សេងៗទៀត ដើម្បីអនាគតកូន ចៅយើង។
ទី២- គ្រប់ក្រសួង ស្ថាប័ន វិស័យឯកជន និងសាសនា ត្រូវបន្តលើកកម្ពស់ការអនុវត្តសកម្មភាព ផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃគ្រឿងញៀនឱ្យបានផុលផុស និងគ្រប់គោលដៅប្រឈម ជាពិសេស បណ្តាញផ្សព្វផ្សាយព័ត៌មាន សិល្បករ សិល្បការិនី បណ្តាញទំនាក់ទំនង សង្គម និងហ្វេសប៊ុកផេករបស់ថ្នាក់ដឹកនាំ ដោយត្រូវបន្តអនុវត្តផ្សារភ្ជាប់ជាមួយខ្លឹមសារ ទិសស្លោក បីកុំ មួយរាយការណ៍ គឺ៖កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវ រាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចគ្រប់ករណីគ្រឿងញៀន។
ទី៣- អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី ខេត្ត ពិសេសក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវ នីតិសម្បទា ត្រូវបន្តពង្រឹងគុណភាពប្រសិទ្ធភាព និងភាពជឿជាក់នៃការផ្តល់សេវា ព្យាបាល ស្តារនីតិសម្បទាទាំងនៅក្នុងមជ្ឈមណ្ឌលជាតិ មជ្ឈមណ្ឌលបណ្តោះអាសន្ន របស់រដ្ឋនិងឯកជន និងមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាពនានា ព្រមទាំងសម្របសម្រួល គាំទ្រ លើកទឹកចិត្ត និងជំរុញឱ្យអ្នកប្រើគ្រឿងញៀនឱ្យទៅទទួលយកសេវាព្យាបាល ស្តារនីតិសម្បទា ក្នុងមូលដ្ឋានរបស់ខ្លួន។
ទី៤- អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណ:កម្មការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿង ញៀនខុសច្បាប់លើកទី៧ គណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត និង អង្គភាព ពាក់ព័ន្ធទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ម្ចាស់ការ សម្របសម្រួល ដឹកនាំអនុវត្ត ឱ្យកាន់តែមានប្រសិទ្ធភាពនូវតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបង្ការទប់ស្កាត់ បង្ក្រាប និងដោះស្រាយនូវរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន និងគ្រប់គ្រង ត្រួតពិនិត្យសារធាតុគីមីផ្សំនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាសឱ្យបានហ្មត់ចត់និងមាន ប្រសិទ្ធភាពខ្ពស់ ដើម្បីទប់ស្កាត់បានរាល់ការលួចបង្វែរពីជំនួញស្របច្បាប់យកទៅកែច្នៃ ផលិតគ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។
ទី៥- គ្រប់ក្រសួង ស្ថាប័ន អង្គភាពមន្ត្រីអនុវត្តច្បាប់គ្រឿងញៀនពាក់ព័ន្ធទាំងអស់ ត្រូវបន្ត លើកកម្ពស់ការប្រើប្រាស់យន្តការនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងក្របខ័ណ្ឌ ទ្វេភាគី ពហុភាគី ទាំងក្នុងតំបន់ និងសកលលោក ផ្លាស់ប្តូរព័ត៌មានត្រួតពិនិត្យ តាមដាន ស៊ើបអង្កេត ស្រាវជ្រាវមុខសញ្ញាចរាចរ ជួញដូរ ប្រើប្រាស់គ្រឿងញៀន និងសារធាតុគីមី ផ្សំខុសច្បាប់ឆ្លងកាត់តំបន់ព្រំដែន និងសហការរួមគ្នាបង្ក្រាបឱ្យបានទាន់ពេលវេលា និង ចំគោលដៅ។

គួរបញ្ជាក់ផងដែរថា! យោងតាមរបាយការណ៍របស់លោក កែវ សុជាតិ ព្រះរាជអាជ្ញាខេត្តបាត់ដំបង តំណាងសាលាដំបូងខេត្តទាំងបី មាន(បាត់ដំបង – ពោធិ៍សាត់ – និងកំពង់ឆ្នាំង)បានបញ្ជាក់ថា! ថ្ងៃនេះដែរអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការដុតកំទេចចោលនូវវត្ថុតាងគ្រឿងញៀន តាមដីកាសម្រេចក្នុងសំណុំរឿងព្រហ្មទណ្ឌ ចំនួន ២៦៩ សំណុំរឿង ដែលមានគ្រឿងញៀនសរុបដូចខាងក្រោម៖
១-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១០.៧០០,០៥ (ដប់ពាន់ប្រាំពីររយ កញ្ជក់សញ្ញា សូន្យប្រាំ)ក្រាម។
២-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (WY) ចំនួន ២០៤៧ (ពីរពាន់សែសិបប្រាំពីរ)គ្រាប់ មានទម្ងន់ ២០០,៨៦ (ពីររយ កណ្តក់សញ្ញា ប៉ែតសិបប្រាំមួយ)ក្រាម។
៣-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (MY) (ថ្នាំគ្រវី)ចំនួន ១២៣ (មួយរយម្ភៃបី)គ្រាប់ មានទម្ងន់ ៤២,៦៧ (សែសិបពីរ កណ្តក់សញ្ញា ហុកសិបប្រាំពីរ)ក្រាម។
៤-កញ្ញាក្រៀមចំនួន ០១ (មួយ)កញ្ចប់ មានទម្ងន់ ៣,០៧ (បី កណ្តក់សញ្ញា សូន្យប្រាំពីរ)ក្រាម។
៥-ឧបករណ៍សម្រាប់ផលិត ការជួញដូរ និងការប្រើប្រាស់សម្រាប់ជក់គ្រឿងញៀន និងវត្ថុតាងត្រូវបំផ្លាញចោលផ្សេងៗមួយចំនួន។
គ្រឿងញៀនទាំងបីប្រភេទខាងលើមានទម្ងន់សរុប ១០.៩៤៦, ៦៥(ដប់ពាន់ប្រាំបួនរយសែសិបប្រាំមួយ កណ្តក់សញ្ញា ហុកសិបប្រាំ)ក្រាម។

CATEGORIES
Share This