Connect with us

ព័ត៌មានជាតិ

ម៉ូតូមួយគ្រឿងបោះពួយយ៉ាងលឿន ទៅបុករថយន្តដឹកដី ពីក្រោយ ពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ មនុស្ស២នាក់

បន្ទាយមានជ័យ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបើកបុក រថយន្តដឹកដីពីក្រោយពេញទំហឹង មួយករណីបាន កើតឡើង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្លូវលំបំបែកជាបួនមួយកន្លែង ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យមនុស្ស២នាក់ របួសធ្ងន់ ។

លោកវរសេនីយ៍ឯក សុី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងប្រភេទបែន ម៉ាកហ៊ីយ៉ានដាយ ពណ៌ស លាយខៀវ ប្រភេទដឹកដីពាក់ផ្លាកលេខ បន្ទាយមានជ័យ 3A-2004 ធ្វើដំណើរតាមបណ្តោយផ្លូវប៉េតុង ​ក្នុងទិសដៅពីជើងទៅត្បូង ពេលដល់ចំណុចកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាកសង់ពាក់ ស្លាកលេខ បន្ទាយមានជ័យ 1N-1403 បានបើកទៅបុកពីក្រោយរថយន្តពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ណាត់ ភេទប្រុស អាយុ២១ឆ្នាំ និងក្មេងរួមដំណើរម្នាក់ឈ្មោះ យួក ភេទប្រុសអាយុ១០ឆ្នាំ ទាំង២នាក់ រស់នៅភូមិអូរអំបិល ឃុំអូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រងបួសធ្ងន់ត្រូវបាន សមត្ថកិច្ចនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ក្រោយកើតហេតុ ទាំងអ្នកបើករថយន្តនិងរថយន្ត រួមទាំងម៉ូតូត្រូវបាន នគរបាលជំនាញ បញ្ជូនទៅអធិការនគបាលក្រុងសិរីសោភ័ណ រងចាំដោះស្រាយទៅតាមច្បាប់នៅពេលក្រោយ ៕