ចាប់ខ្លួនអ្នកសារព័ត៌មានម្នាក់ តាមអំណាចតុលាការខេត្តកំពង់ធំ ពីបទ កំហែងយក

បន្ទាយមានជ័យ ៖ អ្នកសារព័ត៌មានម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលខេត្តកមពង់ធំ ធ្វើការចាប់ខ្លួនទៅតាមអំណាចតុលាការខេត្តកំពង់ធំ ដោយចោទពីបទ “កំហែងយក” ។

លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីម៉ោង៨យប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្ទះសំណាក់មួយកន្លែងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅតាមដីកាបង្គាប់អោយនាំខ្លួន លេខ៦៣ អនខ/២២ ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ របស់លោក អែម សុទ្ធសច្ចា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ធំ ដោយបាននាំខ្លួនឈ្មោះ ហ៊ាង លីហាក់ ភេទប្រុស អាយុ៥២ឆ្នាំ ទីលំនៅស្នាក់បច្ចុប្បន្នភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលត្រូវបានដាក់អោយស្ថិតក្រោមការពិនិត្យពីបទ “កំហែងយក” ប្រព្រឹត្តនៅចំណុចភូមិអូរពកសាមគ្គី ឃុំមានរឹទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ អំឡុង ឆ្នាំ២០២០ កន្លងមក បទល្មើសព្រហ្មទ័ណ្ឌមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៦៣ និង៣៦៤ នៃក្រមព្រហ្មទ័ណ្ឌឆ្នាំ២០០៩ យកមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី​ ។

បទចោទនេះ បើយោងព័ត៌មានពីខេត្តកំពង់ធំអោយដឹងថា គឺទាក់ទិនទៅនឹងបណ្តឹងរបស់ឈ្មួញរកស៊ីឈើ និងមន្ត្រីបរិស្ថាន ដែលប្តឹងពីការជំរឹងទារប្រាក់ (កំហែងយក) ។

យោងប្រភពព័ត៌មាននានា និងពីសមត្ថកិច្ចបានអោយដឹងថា ក្នុងអំឡុងថាគេចខ្លួនទៅនៅក្រុងប៉ោយប៉ែតនោះ  ឈ្មោះ ហ៊ាង លីហាក់ នេះ មិនបានសម្ងំលាក់ខ្លួនអ្វីទេ ប៉ុន្តែថែមទាំងបានចេញធ្វើដំណើរ និងធ្វើសកម្មភាពផ្សេងៗ ជាធម្មតា រួមទាំងការយកព័ត៌មាន ដែលមានលាយឡំនឹងការប្រព្រឹត្តបទ កំហែងយកថ្មីៗ ជាច្រើនករណីទៀត នៅខេត្តបន្ទាយមានជ័យ ក្នុងនោះ ក៏មានបណ្តឹងរបស់លោកប្រធានមន្ទីរធម្មការនិងកិច្ចសាសនាខេត្តបន្ទាយមានជ័យ ដែលបានប្តឹងថា បានរងការកំហែងយកពីឈ្មោះ ហ៊ាង លីហាក់ រហស្សនាម “ជលសារ” នេះដែរ តាមរយៈ ប្រព័ន្ធលេខទូរស័ព្ទមួយចំនួន រួមទាំងបណ្តាញសង្គមហ្វេសប៊ុន ( Messenger), Telegram ដោយភ្ជាប់លោកទៅនឹងការបង្កើត និងប្រឌិតរឿងរ៉ាវមួយចំនួន ។

ចំពោះមុខសមត្ថកិច្ច ឈ្មោះ ហ៊ាង លីហាក់ បានឆ្លើយប្រាប់សមត្ថកិច្ចនគរបាល ដោយទទួលស្គាល់បទប្រព្រឹត្តល្មើសមួយចំនួន និងបានបដិសេធមួយចំនួន ។ ក្រោយសាកសួរ ឈ្មោះ ហ៊ាង លីហាក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ ប្រគល់ជូនទៅសមត្ថកិច្ចនគរបាលខេត្តកំពង់ធំ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។

គួរបញ្ជាក់ថា​ យោងតាមច្បាប់នៃក្រមព្រហ្មទណ្ឌ គន្ថីទី៣ បទល្មើសប្រឆាំងនឹងទ្រព្យសម្បត្តិ មាតិកាទី១ ការយកទ្រព្យសម្បត្តិអ្នកដទៃធ្វើជាកម្មសិទ្ធិរបស់ខ្លួនដោយទុច្ចរិត ជំពូក១ ការលួចនិងបទល្មើសប្រហាក់ប្រហែល ផ្នែកទី២ ការកំហែងយក មាត្រា៣៦៣ និយមន័យនៃការកំហែងយក “អំពើរកំហែងយក គឺជា អំពើដែលប្រព្រឹត្តដោយការប្រើហិង្សា ការគំរាមកំហែងថា នឹងប្រើហិង្សា ឬដោយការបង្ខិតបង្ខំ ដើម្បីទទួលបាននូវ ៖ ១-ហត្ថលេខា ឬស្នាមម្រាមដៃ, ២-ការសន្យា ឬការបោះបង់ចោលអ្វីមួយ, ៣-ការបង្ហាញអាថ៌កំបាំងណាមួយ, ៤-ការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ” ។ មាត្រា៣៦៤ ទោសដែលត្រូវអនុវត្ត “អំពើរកំហែងយក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ)ឆ្នាំទៅ ៥ (ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៤,០០០,០០០ (បួនលាន)រៀល ទៅ១០,០០០,០០០ (ដប់លាន)រៀល ៕

ដោយ ៖ សម្បត្តិ សីហា

CATEGORIES
Share This