យុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសិរីសោភ័ណ នាំយកទេយ្យទាន គ្រឿងបរិក្ខារ និងថវិកា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តបង្រុះ

បន្ទាយមានជ័យ ៖ ជាការចូលរួមក្នុងវិស័យពុទ្ធសាសនា សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសិរីសោភ័ណ សាខាខេត្តបន្ទាយមានជ័យ បាននាំយកទេយ្យទាន គ្រឿងបរិក្ខារ និងថវិកាមួយចំនួន វេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តពោធិរាសុវណ្ណរាម ហៅវត្តបង្រុះ ស្ថិតក្នុងភូមិបង្រុះ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ការនាំយក ទេយ្យទាន គ្រឿងបរិក្ខារ និងថវិកានេះ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ក្រោមការដឹកនាំរបស់លោក អេម ពៅ អនុប្រធានតំណាងលោក ជា សុវណ្ណធួន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសិរីសោភ័ណ សាខាខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីសំណាក់លោក ហួត សាវឺ ចៅសង្កាត់ភ្នៀត ព្រមទាំងសមាជិកសមាជិកាសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសិរីសោភ័ណ ចំនួន០៥នាក់ទៀតផងដែរ ។

លោក អេម ពៅ បានឱ្យដឹងថា ទេយ្យទាន គ្រឿងបរិក្ខារ និងថវិកា ដែលបាននាំយកប្រគេនព្រះសង្ឃខាងលើ គឺជាសទ្ធាជ្រះថ្លា របស់លោក ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ និងសប្បុរសជន ព្រមទាំងសមាជិកសមាជិកាក្រុងសិរីសោភ័ណ ដោយសំភារៈបរិក្ខារទាំងនោះ រួមមាន ៖ ទានព្រះវស្សា ១គូរ, អង្ករ ១បាវ ៥០គីឡូក្រាម, ស្លាដក់ ១ឈុត, មី ១កេះ, ទឹកត្រី ១យួរ, ទឹកស៉ីអីវ ១យួរ, ប៊ីចេង ១កញ្ចប់, ស្ករស ១គីឡូក្រាម, អំបិល ១គីឡូក្រាម, ទឹកសុទ្ធ ៥យួរ, ដោះគោខាប់ ៥កំប៉ុង និង៍ថវិកា ចំនួន២៥ម៉ឺនរៀល ។

ឆ្លើយតបនឹងការនាំទេយ្យទាននេះ ព្រះតេជគុណ ហឹង សម្បតិ្ត ព្រះគ្រូចៅអធិការវត្តពោធិរាសុវណ្ណរាម ហៅវត្តបង្រុះ ក៏ដូចជាលោក ហួត សាវឺ ចៅសង្កាត់ភ្នៀត បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះការរួមចំណែកក្នុងវិស័យពុទ្ធសាសនា ពីសំណាក់សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) តាមរយៈការនាំយកទេយ្យទាន គ្រឿងបរិក្ខារ និងថវិកា មកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នាឱកានេះ ៕

CATEGORIES
Share This