ឯកឧត្តម នាយឧត្តមសេនីយ៍ទេសរដ្ឋមន្រ្តី មាស សុភា កោតសរសើរដល់កម្លាំងប្រតិបត្តិការក្នុងការ ចូលរួមបេសកកម្មកម្ចាត់គ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម

ប៉ៃលិន ៖ ថ្ងៃអាទិត្យទី១០ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC និងថ្នាក់ដឹកនាំអង្គភាពស៊ីម៉ាក់ បានទទួលដំណើរទស្សនកិច្ចរបស់ឯកឧត្តម នាយឧត្តមសេនីយ៍មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការមីន គ្រាប់មិនទាន់ផ្ទុះ និងការងារវិស្វកម្មកងយោធពលខេមរភូមិន្ទដើម្បីពិនិត្យមើលសមិទ្ធផលនានាដែលសម្រេចបានក្នុងគម្រោងសមាហរណកម្មបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន ក្រោមជំនួយឥតសំណងរបស់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលសម្រេចបានលទ្ធផលរួមមាន ផ្លូវក្រាលក្រួសល្បាយថ្មភ្នំប្រវែង៨.៦៩៤ម៉ែត្រ សំណង់ទ្វាទឹកចំនួន០៣កន្លែង ផ្សារសហគមន៍ចំនួន០១កន្លែង និងសមិទ្ធផលមួយចំនួនទៀត ដោយគម្រោងនេះសម្តេចតេជោ បានស្នើសុំជំនួយពីអតីតនាយករដ្ឋមន្ត្រីជប៉ុនឯកឧត្តម Shinzo ABE ដោយផ្ទាល់នៅក្នុងឆ្នាំ២០១៨ ហើយគម្រោងបានចាប់ផ្តើមអនុវត្តនៅឆ្នាំ២០១៩ និងបានបញ្ចប់នៅខែមិថុនា ឆ្នាំ២០២២នេះ។

បន្ទាប់ពីបានពិនិត្យសមិទ្ធផលនានារួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ទេសរដ្ឋមន្រ្តី និងគណៈប្រតិភូអមដំណើរ បានអញ្ជើញបន្តដំណើរជួបសំណេះសំណាលជាមួយកម្លាំងប្រតិបត្តិការរបស់ទីបញ្ជាការជួរមុខស៊ីម៉ាក់នៅចម្ការមីន ដែលស្ថិតនៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល(Clearing For Results) គាំទ្រដោយCMAA/UNDP និងមានការចូលរួមពីលោក ហុក សុផល អភិបាលរងខេត្តតំណាងលោកជំទាវ បាន ស្រីមុំអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អភិបាលក្រុង-ស្រុក កងកម្លាំងសមត្ថកិច្ចទាំង៣ប្រភេទ និងបងប្អូនកងកម្លាំងប្រតិបត្តិការប្រចាំការCMAC ផងដែរ។

ក្នុងឱកាសចុះពិនិត្យមើលសកម្មភាពកំចាត់មីន ក្នុងភូមិសាស្ត្រខេត្តប៉ៃលិននាយឧត្តមសេនីយ៍ មាស សុភា បានកោតសរសើរចំពោះស្មារតី លះបង់ខ្ពស់ ប្រកបដោយភាពគ្រោះថ្នាក់ របស់កងកម្លាំងបោសសំអាតមីន CMAC ដើម្បីរំដោះដីធ្លីជូនប្រជាពលរដ្ឋ។ ឯកឧត្តមបានក្រើនរំលឹកដល់បងប្អូនកងកម្លាំងដោះមីនរបស់CMAC ក្នុងពេលប្រតិបត្តិការការងារ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងគ្រោះថ្នាក់ដោយសារការដោះមីន ដោយការធ្វេសប្រហែស។

ឯកឧត្តមបានបញ្ជាក់ថា ដោយសារសង្គ្រាម គឺបានបន្សល់គ្រាប់មីនគ្រប់ប្រភេទនៅក្នុងដីជាច្រើន ដែលបង្កហានិភ័យដល់អាយុជីវិតប្រជាជន។ ជាមួយគ្នានោះដែរ ឯកឧត្តម ជំនួសមុខឱ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងអំណរគុណផងដែរ ដល់អង្គការ gmac ជប៉ុន ដែលរហូតមកបានជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតីសម្ភារៈថវិកា ជាលក្ខណៈមនុស្សធម៌ ជួយដល់សកម្មភាពបោសសំអាតមីនរំដោះដីធ្លីជូនប្រជាជនកម្ពុជា ព្រមទាំងបានជួយអប់រំដល់ប្រជាពលរដ្ឋឲ្យយល់ដឹងអំពីភាពគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលនេះគឺជាការរួមចំណែកមួយក្នុងការជួយអភិវឌ្ឍន័៍ប្រទេសកម្ពុជា ឲ្យមានការរីកចម្រើន។

CATEGORIES
Share This