សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ប្រគេនទៀនចំណាំព្រះវស្សា ព្រះសង្ឃចំនួន៣៣វត្ត ក្នុងខេត្តបាត់ដំបង
ខេត្តបាត់ដំបង!នៅព្រឹកថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០២២នេះ លោកជំទាវ ញ៉ែម សាខន ស ខេង បានធ្វើពិធីបុណ្យប្រគេនទៀនចំណាំព្រះវស្សា រួមទាំងទេយ្យទាន និងបច្ច័យរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់ព្រះសង្ឃចំនួន ៣៣វត្ត នៅខេត្តបាត់ដំបង។
ពិធីនេះដែរប្រារព្ធធ្វើឡើងនៅក្នុងបរិវេណទីស្នាក់ការ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ស្ថិតក្នុងក្រុងនិងខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន សខេង ដែលមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវលោក លោកស្រី ជាអភិបាលរងខេត្ត ឯកឧត្តមទីប្រឹក្សាសម្តេចក្រឡាហោម ប្រធាន អនុប្រធាន មន្ទីរអង្គភាព លោកអភិបាល ក្រុង ស្រុក និងពុទ្ធបរិស័ទជាច្រើនរូបផងដែរ។
ចំពោះទេយ្យវត្ថុប្រគេនព្រះសង្ឃទាំង ៣៣វត្ត នាព្រឹកនេះរួមមាន ក្នុងមួយវត្តៗទទួលបាន-ទៀនចំណាំព្រះវស្សាចំនួន០១គូរ, ស្លាដក, ភេសជ្ជៈ, ទឹកសុទ្ធ, អង្ករ, ផ្លែឈើមួយកន្ត្រក, ទឹកត្រី, ទឹកស៊ីអ៊ីវ រួមទាំងបច្ច័យមួយចំនួនទៀតផងដែរ ដែលទេយ្យទានទាំងអស់នេះប្រគេនព្រះសង្ឃដែលនឹងគង់ចាំព្រះវស្សាអស់ត្រីមាស រយៈពេល០៣ខែ ជារដូវកាលភ្លៀងធ្លាក់ខ្លាំង ព្រះសង្ឃមិនពិបាកក្នុងការនិមន្តចេញបិណ្ឌបាទចង្ហាន់នោះ ។
ហើយចំពោះពិធីបុណ្យប្រគេនទៀនចាំព្រះវស្សា និងបរិក្ខាផ្សេងៗនេះដែរ ធ្វើឡើងក្នុងគោលបំណងឧទ្ទិសបុណ្យកុសលជូនវិញ្ញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម ព្រមទាំងមាតាបិតា ជីដូនជីតា ញាតិការទាំង៧សណ្ដាន យុទ្ធជន យុទ្ធនារីដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ ក៏ដូចជាលះបង់អាយុជីវិត ក្នុងការស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋដូចបច្ចុប្បន្ននេះ ។
គួរបញ្ជាក់ផងថា រៀងរាល់មុនថ្ងៃចូលព្រះវស្សារបស់ព្រះភិក្ខុសង្ឃ នាថ្ងៃទី១រោច ខែអាសាឍ ខាងមុខនោះ ថ្នាក់ដឹកនាំប្រទេស មន្ត្រីរាជការ ប្រជាពលរដ្ឋ ឧបាសក ឧបាសិកា ដែលជាពុទ្ធបរិស័ទ តែងតែនាំទៀនចាំព្រះវស្សា រួមទាំងទេយ្យទានផ្សេងៗទៅប្រគេនព្រះសង្ឃគ្រប់ៗវត្តដើម្បីបានដល់ព្រះសង្ឃ សម្រាប់ការប្រើប្រាស់ក្នុងពេលវេលា នៃការកាន់ព្រះវស្សារយៈពេល៣ខែ តាមពុទ្ធាអនុញ្ញាតរបស់ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ ៕