អភិបាលខេត្តប៉ៃលិន៖ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ទោះមកពីគណបក្សណាក៏ដោយ ត្រូវគោរពច្បាប់គតិយុត្តនានា និងយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ
ប៉ៃលិន ៖នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពប្រធានក្រុមប្រឹក្សា ឃុំ ជំទប់ទី១ ទី២ ឃុំស្ទឹងត្រង់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលពិធីនេះធ្វើឡើងនៅសាលាឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមអ្នកតំណាងរាស្ត្រ លោកនាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការធនធានមនុស្ស ប្រធានក្រុមប្រឹក្សាស្រុក អាជ្ញាធរស្រុក មន្ត្រីពាក់ព័ន្ធ យុវជនសសយក និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
មានប្រសាសន៍ផ្តាំផ្ញើ ទៅកាន់ក្រុមប្រឹក្សាឃុំថ្មី នាឱកាសនោះ លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ឃុំស្ទឹងត្រង់ មានសមាជិកក្រុមប្រឹក្សាមកពីគណបក្សចំនួនពីរ គឺគណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន។ សមាជិកក្រុមប្រឹក្សាឃុំថ្មីគ្រប់រូបត្រូវប្រកាន់គោលជំហរ សាមគ្គីភាព និងឯកភាពជាតិ ដោយត្រូវរួមគ្នាខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យល្អប្រសើរ និងបន្តកសាងអភិវឌ្ឍន៍នៅមូលដ្ឋានឲ្យកាន់តែរីកចម្រើនជឿនលឿនទ្វេរឡើង ជាពិសេសដើម្បីបំពេញទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ប្រកបដោយលទ្ធិប្រជាតេយ្យ សំដៅចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវអភិបាលខេត្តបានថ្លែងបន្តថា ដើម្បីធានាបាននូវការផ្ដល់សេវានានាក្នុងមូលដ្ឋាន បញ្ហាគន្លឹះសំខាន់គឺការបំពេញតួនាទី ភារកិច្ចរបស់តួអង្គស្នូលចំនួន៥គឺ៖ ទី១៖ មេឃុំ ចៅសង្កាត់ ទី២៖ ស្មៀនឃុំ សង្កាត់ ទី៣៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ទី៤៖ មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព ទី៥៖ មេភូមិ អនុភូមិ ។
លោកជំទាវ បានសង្កត់ធ្ងន់លើការចុះហត្ថលេខាឯកសារដីធ្លី ត្រូវពិនិត្យស្រាវជ្រាវ សួរនាំអោយច្បាស់លាស់ទៅមន្ត្រីជំនាញ ដើម្បីចៀសវាងការជាន់ដីកម្មសិទ្ធគ្នា ដីកម្មសិទ្ធរបស់រដ្ឋ នាំអោយមានទំនាស់ បង្ករជាអំពើហឹង្សា និងការប្តឹងផ្តល់ទៅដល់តុលាការ នាំអោយមានការខាតបង់ពេលវេលា និងប្រាក់កាស ។ ពិសេសស្មៀន ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋដោយសំដីសុភាពរាបសារ និងជួយសម្រួលរាល់ឯកសារអោយបានលឿន ត្រូវប្រាប់មូលហេតុអោយច្បាស់រាល់ការយឺតយ៉ាវឯកសារនានា ត្រូវបង្ក្រាបអោយបានរាល់បទល្មើសនានា បញ្ហាគ្រឿងញៀន ក្មេងទំនើង បញ្ហាគ្រោះថ្នាក់ចរាចរ ទប់ស្កាត់រាល់អំពើអាណាចារ ជួញដូរមនុស្ស ស្ត្រីនិងកុមារ ទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ អនាម័យ មានសោភ័ណភាព បរិស្ថានល្អ ក្នុងភូមិ ឃុំ ហើយក្នុងពេលនេះដែរលោកជំទាវ បានណែនាំដល់ក្រុមប្រឹក្សាអាណត្តិថ្មី ត្រូវចុះពិនិត្យមើលដំណាំកសិកម្មប្រជាពលរដ្ឋ ដែលកំពុងរងការបំផ្លិចបំផ្លាញពីដង្កូវ និងធ្វើការដោះស្រាយកម្ចាត់ឱ្យបានទាន់ពេលវេលា ដោយមិនត្រូវមានការរើសអើង ការបែងចែកបក្សពួក គ្រួសារនិយម និងនិន្នាការនយោបាយឡើយ ។
សូមជម្រាបជូនថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលប្រព្រឹត្តិទៅថ្ងៃទី៥ ខែមិថុនា កន្លងទៅនេះ ជាលទ្ធផលក្នុងឃុំស្ទឹងត្រង់ មានអាសនៈសរុប ចំនួន០៧ មកពីគណបក្សនយោបាយចំនួន០២ គឺគណបក្សប្រជាជនកម្ពុជា មាន០៦អាសនៈ ដោយទទួលបានតំណែងជាប្រធានក្រុមប្រឹក្សាឃុំ ជាមេឃុំ ជំទប់ទី១ និងសមាជិកក្រុមប្រឹក្សា ចំនួន០៤អាសនៈ ជំទប់ទី២ មកពីគណបក្សភ្លើងទៀន ។