អាវុធហត្ថបន្ទាយមានជ័យ បង្រ្កាបទីតាំងទទួលផលចោរកម្ម១កន្លែង ឃាត់មនុស្ស៣នាក់ និងដកហូតម៉ូតូជាង៤០គ្រឿង

239

បន្ទាយមានជ័យ ៖ ទីតាំងទទួលផលចោរកម្ម១កន្លែង ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងអាវុធហត្ថ ធ្វើការបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យចោរលួច២នាក់ និងម្ចាស់ហាងបញ្ចាំម្នាក់ ព្រមទាំងដកហូតម៉ូតូបានជាង៤០គ្រឿង ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែត បានអោយដឹងថា ក្រោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ និងយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ WIL LY (វីល លី) ភេទប្រុស អាយុ៣៤ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅបណ្ដោះអាសន្នភូមិក្បាលស្ពាន១ សង្កាត់.ក្រុងប៉ោយប៉ែត ស្ដីពី ករណីបាត់ម៉ូតូ០១គ្រឿងម៉ាក់ហុងដាឃ្លីក ពណ៌ស-ខ្មៅ ផលិតឆ្នាំ២០០៦ គ្មានស្លាកលេខ ដែលរូបគេចតទុកនៅមុខហាងលក់ដូររបស់ខ្លួន កាលពីវេលាម៉ោង១និង០០នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ។ លោក បានចាត់កម្លាំងជំនាញចុះធ្វើការស្រាវជ្រាវ និងឆែកកាមេរ៉ាសុវត្ថិភាពក្នុងហាងលក់ដូរ ទើបកំណត់មុខសញ្ញាបាន ហើយបន្តស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ រួមមាន ៖ ១.ឈ្មោះ កែវ កុសល ហៅ ម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២.ឈ្មោះ ពេញ វាសនា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បញ្ជូនមកសាកសួរនៅមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត ។  

លោកបន្តថា ក្រោយសាកសួរជនសង្ស័យ កម្លាំងជំនាញបានបន្តការស្រាវជ្រាវ រហូតឈានដល់ត្រូតពិនិត្យឃ្លាំងបញ្ចាំមួយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន២ ក្នុងក្រុងប៉ោយប៉ែតរបស់ឈ្មោះ ឡាយ សាន ភេទប្រុស អាយុ៤៩ឆ្នាំ រកឃើញវត្ថុតាងម៉ូតូចំនួន៤១គ្រឿង ក្នុងនោះមានម៉ូតូជនរងគ្រោះជនជាតិឥណ្ឌូនេស៊ី០១គ្រឿងផងដែរ និងម៉ូតូកង់បីចំនួន០៧គ្រឿង ស្លាកលេខម៉ូតូ០២សន្លឹក ស្លាកលេខរថយន្ត០៦សន្លឹក រួមជាមួយសម្ភារ:ជួសជុលម៉ូតូមួយចំនួនធំ ។ ក្រោយពីឆែកឆេររួចជនទទួលផលចោរកម្មឈ្មោះ ឡាយ សាន និងវត្ថុតាងទាំងអស់ត្រូវ បញ្ជូនមករក្សារទុកជាភស្ដុតាងនៅមូលដ្ឋានអាវុធហត្ថ ក្រុងប៉ោយប៉ែត ។

ដោយឡែកតាមការសារភាពរបស់ឈ្មោះ ឡាយ សាន ម្ចាស់ហាងបញ្ចាំខាងលើ បានឆ្លើយសារភាពថា រូបគេបានរកស៊ីទទួលទិញ និងបញ្ចាំម៉ូតូ ចាស់-ថ្មី ពីក្មេងៗស្ទាវជារៀងរាល់ថ្ងៃ ពោលគឺ២៤ម៉ោងលើ២៤ម៉ោង មានរយ:ពេលជាង៣ខែមកហើយ ហើយនៅវេលាម៉ោងប្រហែល០៨ និង០០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ  រូបគេពិតជាបានទទួលបញ្ចាំម៉ូតូម៉ាកហុងដាឃ្លីកដែលមានភិនភាគ ដូចក្នុងពាក្យបណ្ដឹងខាងលើ ពីក្មេងប្រុស០២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនពិតប្រាកដមែន។

លោកមេបញ្ជាការដដែលបន្តទៀតថា ផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ ចម្លើយសារភាពនៃជនសង្ស័យ និងវត្ថុតាងដែលដកហូតបាន គឺមានភាពស៊ីសង្វាក់គ្នាពីតម្រុយនៃបទល្មើសយ៉ាងជាក់លាក់បញ្ជាក់ឲ្យឃើញថា ជនសង្ស័យឈ្មោះ កែវ កុសល ឈ្មោះ ពេញ វាសនា និងឈ្មោះ ឡាយ សាន ពិតជាបានប្រព្រឹត្តបទល្មើសលួច និងទទួលផលចោរកម្មពិតប្រាកដមែន ហើយរូបគេបើកការរកស៊ីទទួលទិញ និងបញ្ចាំម៉ូតូនេះដោយពុំមានធ្វើច្បាប់នោះទេ ។

បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងជំនាញសាងសំណុំរឿង បញ្ជូនមកការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីបន្ដទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ។

ជាមួយគ្នានេះលោក  ម៉ែន ភិរម្យ មេបញ្ជាការរងអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារយុត្តិធម៌ សូមជម្រាប និងជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែតទាំងអស់ ដែលមានការបាត់បង់ម៉ូតូកន្លងមក សូមអញ្ជើញមកទំនាក់ជាមួយលោកផ្ទាល់ ឬតាមរយៈលេខទូរស័ព្ទ ០១២៩៩៩៩៩៤ និងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត ឬតាមរយ:ទូរស័ព្ទលេខ ០១៧៥៥៥៥៩៩ ៕

ដោយ ៖ អេម ពៅ

ចំណែក