សិស្សសាលា៥នាក់ រួមនឹងអ្នកបើកបររឺម៉កម៉ូតូរងរបួសធ្ងន់ក្នុងហេតុការណ៍រថយន្តដឹកទំនិញធន់ធំក្រឡាប់សង្កត់

កំពត​ ៖​ តាមការឱ្យដឹងពីសមត្ថកិច្ចឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត បានឱ្យដឹងថា នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១២ និង១៥នាទី មានករណីគ្រោះថ្នាក់
ចរាចរណ៍មួយបានកើតឡើង នៅចំណុចខាងកើតប្រឡាយចំងាយ ៥០ម៉ែត្រ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៣-១៣៤ ស្ថិតក្នុងភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត លើផ្លូវជាតិលេខ៣ កំពត-ភ្នំពេញ រវាងរថយន្ត និងម៉ូតូសណ្តោងរ៉ឺម៉កមានទិសដៅស្របគ្នាពីកើតទៅលិច។

រថយន្តបង្កម៉ាកហុីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-9935 បើកបរទិសពីកើតទៅលិច លុះដល់ចំណុចកើតហេតុបានបើកបុករ៉ឺម៉កដែលបើកស្របទិសគ្នាពីក្រោយពេញទំហឹង បណ្តាលអោយរថយន្តក្រឡាប់ផ្ងារជើងសង្កត់លើរ៉ឺម៉ក ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់។

សមត្ថកិច្ចបានបន្តអោយដឹងទៀតថា អ្នកបើកបររ៉ឺម៉កម៉ូតូមានឈ្មោះ ជ័យ ចូ ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិទ្វារថ្មី ឃព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត (រងរបួសធ្ងន់)។ ជាមួយគ្នានេះដែរ អ្នករួមដំណើរក្នុងរ៉ឺម៉កម៉ូតូ មានចំនួន ០៥នាក់ ដែលជាសិស្សសាលា ក្នុងនោះមានឈ្មោះ ១.ឈ្មោះ រក្សា ភេទស្រីអាយុ ១៦ឆ្នាំ ២.ឈ្មោះ ឈីម រស្មី ភេទប្រុស អាយុ ១៤ឆ្នាំ ៣.ឈ្មោះ យឿន ចាន់ភាររម្យ ភេទប្រុស អាយុ ១៣ឆ្នាំ ៤.ឈ្មោះ សេម វិច្ឆិកា ភេទប្រុស អាយុ ១៤ឆ្នាំ ៥.ឈ្មោះ សាន់ គីមឡុង ភេទប្រុស អាយុ ១៣ឆ្នាំ អ្នកទាំង ៥នាក់ រស់នៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត (អ្នកទាំង៥រងរបួសធ្ងន់)។ ក្រោយសម្ត្ថកិច្ចអន្តរាគមន៍ដោយប្រើរថយន្តស្ទូចដើម្បីយកអ្នកដែលកៀបជាប់ដោយរថយន្ត ភ្លាមៗនោះអ្នករបួសទាំងអស់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។

សមត្ថកិច្ខបានបន្ថែមទៀតថា ចំពោះរ៉ឺម៉កម៉ូតូ ដែលរងការខូចខាតកំរិតធ្ងន់ ព្រមទាំងរថយន្តបង្ក ត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលព្រៃថ្នង ដើម្បីរង់ចាំការដោះស្រាយ និងចាត់ការតាមនីតិវិធីច្បាប់៕

CATEGORIES
Share This