ឯកឧត្តម អ៊ី ឈាន ៖​ ការការពារបូរណៈទឹកដី តាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ជា​កាតព្វកិច្ច​របស់យើង​ទាំងអស់​គ្នា​

ប៉ៃលិន៖ គិតត្រឹមព្រឹកថ្ងៃទី​ថ្ងៃទី០៨​ ខែកក្កដា​ ឆ្នាំ២០២២នេះ​ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ បានបន្តអញ្ជើញចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរជើងការពារបូរណៈទឹកដី តាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន និងពិនិត្យមើលទីតាំងប្រវត្តិសាស្ត្រយោធាមួយចំនួននាតំបន់នោះ កាលពីសម័យសង្គ្រាមផងដែរ ។

ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ បានលើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានគិតគូខ្ពស់ដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលកំពុងបំពេញបេសកកម្ម បម្រើជាតិនិងប្រជាជន ជានិច្ច ជាពិសេសកងកម្លាំងជួរមុខ ដែលកំពុងឈរជើង ការពារបូរណៈភាពទឹកដី នៅតាមខ្សែរបន្ទាត់ព្រំដែន ដោយបានផ្តល់ជាជំរុំជំរក និងជីវភាពរស់នៅប្រចាំថ្ងៃរបស់កងកម្លាំង ឲ្យកាន់តែប្រសើឡើង ព្រមទាំងជំរុញការចងសម្ព័ន្ធមេត្រីភាព រវាងសមរភូមិមុខ និងសមរភូមិក្រោយ ដើម្បីបង្ហាញឲ្យឃើញពីសាមគ្គីភាព ប្រកបដោយភាពស្និទ្ធស្នាល ក្នុងនាមខ្មែរតែមួយ និងសិល្បៈនៃការចែករំលែក។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា៖ ដើម្បីឆ្លើយតបទៅនឹងការគិតគូខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្ព័ន្ធមេត្រីភាពសមរភូមិក្រោយ ពោលគឺនាយ នាយរង និងពលទាហ៊ានទាំងអស់ ត្រូវយកចិត្តទុកដាក់បន្ថែមទៅលើអ្វីដែលជាកាតព្វកិច្ចរបស់កងកម្លាំង គឺត្រូវខិតខំបង្កើនថែមទៀត នូវការការពារបូរណៈភាពទឹកដីរបស់យើង ទោះជាប្រទេសយើងស្ថិតក្នុងស្ថានភាពសុខសន្តិភាពយ៉ាងណាក៏ដោយ ប៉ុន្តែយើងមិនត្រូវមានការទ្វេសប្រហែសក្នុងការការពារបូរណៈភាពទឹកដីរបស់យើងនោះឡើយ។

ឯកឧត្តម អ៊ី ឈាន ក៍បានផ្តាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងកិច្ចសហការគ្នា ជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងភាគីថៃ ឲ្យបានជិតស្និទ្ធ ដើម្បីថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងការពារបូរណៈភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាយើងឱ្យបានគង់វង្ស ជាពិសេសសូមថែទាំសុខភាព ព្រោះរដូវនេះមានភ្លៀងច្រើន អាចងាយនឹងកើតមានជំងឺដម្កាត់ផ្សេងៗ ។

សូមបញ្ជាក់ថា៖ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងក្រុមការងារក៍បានអញ្ជើញចុះពិនិត្យមើលទីតាំងប្រវត្តិសាស្ត្រ​យោធាមួយចំនួនផងដែរនៅក្នុងតំបន់នោះដើម្បីចងក្រងជាឯកសារប្រវត្តិសាស្ត្រ សម្រាប់យកមកតម្កល់ទុកនៅវិមានឈ្នះៗ នៅពេលដែលស្ថាបនារួចរាល់សម្រាប់កូនចៅជំនាន់ក្រោយបានសិក្សាស្រាវជ្រាវ។

CATEGORIES
Share This