សម្តេចប្រមុខរដ្ឋស្តីទី ទទួលជួប ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មី

125

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសឱ្យលោកជំទាវ ធាវ ឡេ ឈិង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរីថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។ 

ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការអបអរសាទរជូនចំពោះលោកជំទាវ ធាវ ឡេ ឈិង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ តាមរយៈបេសកកម្មការទូតរបស់លោកជំទាវ សម្តេចមានជំនឿជឿជាក់ថា លោកជំទាវឯកអគ្គរដ្ឋទូតនឹងខិតខំលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងសិង្ហបុរីឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន នៃប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។ 

ក្នុងឱកាសនោះ លោកជំទាវ ធាវ ឡេ ឈិង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រមុខរដ្ឋស្តីទី ដែលបានផ្តល់កិត្តិយសឱ្យលោកជំទាវចូលជួបសម្តែងការគួរសមនាពេលនេះ។  លោកជំទាវឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរក្នុងវិស័យជាច្រើនដូចជា៖ វិស័យសេដ្ឋកិច្ច វិស័យសុខាភិបាល ក៏ដូចជាទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។ វិស័យសេដ្ឋកិច្ច និងការវិនិយោគរវាងប្រទេសទាំងពីរមានការកើនឡើងជាលំដាប់ ជាពិសេសអ្នកវិនិយោគិនសិង្ហបុរីបានសហការយ៉ាងជិតស្និតជាមួយនឹងអ្នកវិនិយោគកម្ពុជា ក្នុងការអភិវឌ្ឍលើកកម្ពស់វិស័យបច្ចេកវិទ្យា និងវិស័យឌីជីថល ក្នុងនោះវិស័យដែលលេចធ្លោជាងគេ គឺវិស័យទេសចរណ៍ និងវិស័យបដិសណ្ឋាកិច្ច។ 

លោកជំទាវឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ផងដែរថា ការហោះហើរត្រង់ពីប្រទេសសិង្ហបុរី មកព្រះរាជាណាចក្រកម្ពុជា គឺមានការកើនឡើង៩ដងក្នុងមួយសប្តាហ៍ ដែលអាចជំរុញលើកកម្ពស់ទំនាក់ទំនង និងការផ្សារភ្ជាប់រវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។ ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី ប្រទេសទាំងពីរក៏មានកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយនឹងគ្នា ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងអន្តរជាតិ។ 

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់លោកជំទាវឯកអគ្គរដ្ឋទូត ហើយសម្តេចបានរំលឹកអំពីទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ដែលបានភ្ជាប់ទំនាក់ទំនងការទូតកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៦៥។ កាលពីឆ្នាំ២០២០កន្លងទៅនេះ ប្រទេសទាំងពីរបានប្រារព្ធពិធីអបអរសាទរខួបលើកទី៥៥ នៃចំណងការទូត តាមរយៈការរៀបចំព្រឹតិ្តការណ៍បង្ហាញគំនូរ សិល្បៈ ម្ហូបអាហារ តន្រ្តី និងវប្បធម៌របស់ប្រទេសទាំងពីរ។ កត្តានេះបានបង្ហាញឱ្យឃើញពីទំនាក់ទំនងកាន់តែរឹងមាំ និងស៊ីជម្រៅរវាងប្រជាជន និងប្រទេសទាំងពីរ។ 

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបង្ហាញនូវសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ដែលមានការរីកចម្រើនជាបន្តបន្ទាប់។ ការរីកចម្រើន និងទំនាក់ទំនងដ៏ល្អនេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក រវាងថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់ដឹកនាំតាមក្រសួង ស្ថាប័ននានា ក៏ដូចជាស្តែងឡើងតាមរយៈនៃការ   គាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងអន្តរជាតិ។ 

ក្នុងនាមប្រជាជនកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសិង្ហ-បុរី ដែលបានរួមវិភាគទានយ៉ាងច្រើនក្នុងការកសាងអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈគម្រោងកិច្ចសហប្រតិបតិ្តការទ្វេភាគី។ ជាមួយគ្នានេះ សម្តេចប្រមុខរដ្ឋស្តីទីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសិង្ហបុរី ដែលបានជួយពង្រឹងសមត្ថភាពមន្រ្តីរាជការកម្ពុជាលើជំនាញនានា នៅមជ្ឈមណ្ឌលសហប្រតិបតិ្តការកម្ពុជា-សិង្ហបុរី។ សម្តេចបានវាយតម្លៃខ្ពស់ចំពោះប្រទេសសិង្ហបុរីដែលមានប្រព័ន្ធអប់រំល្អ និងលើកសំណើជូនលោកជំទាវឯកអគ្គរដ្ឋទូតពិនិត្យលទ្ធភាពបង្កើនការផ្តល់អាហារូបករណ៍របស់ប្រទេសសិង្ហបុរី ឱ្យនិស្សិត និងមន្រ្តីរាជការកម្ពុជាបន្ថែមទៀត នៅពេលខាងមុខ។ 

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានឯកភាពចំពោះប្រសាសន៍របស់លោកជំទាវឯកអគ្គរដ្ឋទូត ដែលបានលើកឡើកទាក់ទងនឹងបញ្ហាសេដ្ឋកិច្ច-សង្គម។ ទោះបីជាស្ថិតក្នុងវិបតិ្តនៃជំងឺកូវីដ-១៩ក៏ដោយ ក៏ពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំងពីរមានទំហំ៤,២៤ប៊ីលានដុល្លារអាមេរិក ហើយការវិនិយោគរបស់ប្រទេសសិង្ហបុរីនៅព្រះរាជាណាចក្រកម្ពុជាមានទំហំទៅដល់១,២៩ ប៊ីលានដុល្លារអាមេរិក (ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២០)។ សម្តេចប្រុមុខរដ្ឋស្តីទីបានស្នើដល់លោកជំទាវឯកអគ្គរដ្ឋទូតជួយជំរុញការធ្វើវិនិយោគ និងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសទាំងពីរក្នុងដំណាក់កាលនៃរីករាលដាលនៃជំងឺកូវីដ១៩។ 

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានគូសបញ្ជាក់ថា សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំភាព ជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) លើកទី១១ នៅពាក់កណ្តាល ឬចុងខែតុលា ឆ្នាំ២០២១  និងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ នៅឆ្នាំ២០២២។ សម្តេចបានស្នើសុំការគាំទ្រ និងអញ្ជើញសភាសិង្ហបុរីចូលរួមក្នុងកិច្ចប្រជុំទាំងនេះ។ 

តាមរយៈលោកជំទាវឯកអគ្គរដ្ឋទូត សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្តាំផ្ញើនូវការសួរសុខទុក្ខ ដោយសេចក្តីគោរព រាប់អាន និងនឹករលឹកដ៏ខ្ពង់ខ្ពស់ ជូនចំពោះថ្នាក់ដឹកនាំកំពូលគ្រប់លំដាប់ថ្នាក់នៃសាធារណរដ្ឋសិង្ហបុរី។ សម្តេចក៏បានប្រសិទ្ធពរជូនលោកជំទាវឯកអគ្គរដ្ឋទូត សូមមានសុខភាពល្អ និងទទួលបាននូវជោគជ័យក្នុងបេសកកម្មការទូតដ៏ឧត្តុង្គឧត្តមរបស់លោកជំទាវ នៅព្រះជាណាចក្រកម្ពុជា៕

ចំណែក