បាល់ទាត់ ៖ សារព័ត៌មានអង់គ្លេស Dailymail ចុះផ្សាយថា Manchester City អាចនឹងបំបែកកំណត់ត្រាតម្លៃផ្ទេររបស់ខ្លួនឯងជាលើកទីពីរមុនទីផ្សារដោះដូរកីឡាករបិទ ដើម្បីផ្ទេរយក Riyad Mahrez។
កាលពីពេលថ្មីៗ Man City បានដាក់សំណើ៥០ផោន ទៅកាន់ Leicester ដើម្បីផ្ទេរយក Mahrez ប៉ុន្តែត្រូវបដិសេធ។ Leicester ចង់បានតម្លៃខ្លួនកីឡាករសញ្ជាតិអាល់ហ្សេរីគុណនឹង២នៃចំនួននេះ ពោល១០០លានផោន ខណៈរូបគេសល់កុងត្រា២ឆ្នាំកន្លះទៀតជាមួយក្លឹប។
ចំណែកកាលពីម្សិលមិញ Mahrez មិនបានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមឡើយ។ រឿងមួយទៀតកីឡាករវ័យ២៦ឆ្នាំក៏បដិសេធមិនព្រមជួយ Leicester លេងទល់នឹង Everton យប់នេះដែរ ដើម្បី ពិភាក្សាការផ្ទេរទៅ Man City ឲ្យបានច្បាស់លាស់ មុនពេលទីផ្សារដោះដូរត្រូវបិទយប់នេះ។
ងាកមកកាន់ខាងលោក Pep Guardiola វិញ លោកមិនព្រមដោះដៃក្នុងការលួងលោមយក Mahrezដែរ។ Pep ចង់ពង្រឹងតំបន់ប្រយុទ្ធរហូតដល់ចប់រដូវកាល ខណៈខ្សែប្រយុទ្ធខ្លួនមានបញ្ហារបួសច្រើនដូចជា Leroy Sane របួសកជើងត្រូវសម្រាកពី៦ទៅ៧សប្ដាហ៍ ឯ Gabriel Jesus បញ្ហាជង្គង់រយៈពេលយូរ។ កាលពីយប់ម្សិលមិញ Man City ទើបតែបំបែកកំណត់ត្រាផ្ទេររបស់ខ្លួន ដោយបាននាំចូលខ្សែការពារ Aymeric Laporte ពី Athletic Bilbao ក្នុងតម្លៃ៥៧លានផោន៕