បុរសចិត្តខ្លាំង ខឹងប្រពន្ធមិនដេកផ្ទះ ទៅដេកមើលឳពុកឈឺ នៅផ្ទះក្បែរនោះ ដុតផ្ទះខ្លួនឯងឆេះខ្ទេចគ្មានសល់

145

បន្ទាយមានជ័យ ៖ បុរសចិត្តខ្លាំងម្នាក់ ខឹងប្រពន្ធមិនដេកនៅផ្ទះ ទៅដេកមើលថែឳពុកឈឺ នៅផ្ទះក្បែរនោះ បានទៅផឹកស្រាឲ្យស្រវឹង ហើយដុតខ្លួនឯងឆេះខ្ទេចគ្មានសល់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងត្រូវសមត្ថកិច្ចចាប់ខ្លួន ។

លោក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះនេះ មានទំហំ ៣ម៉ែត្រកន្លះ គុណនឹង ៥ម៉ែត្រ សង់អំពីឈើ ប្រក់ស័ង្កសី  ក្រាលក្តារ បង្កដោយបុរសម្ចាស់ផ្ទះឈ្មោះ សឿន វាសនា អាយុ៣៧ឆ្នាំ មានប្រពន្ធឈ្មោះ ហៀប ពៅ អាយុ៤១ឆ្នាំ និងមានកូនប្រុស២នាក់ក្នុងបន្ទុក ដុតដោយខ្លួន ព្រោះតែខឹងប្រពន្ធមិនដេកនៅផ្ទះខ្លួនឯង ទៅដេកមើលឪពុកឈឺ នៅក្បែរនោះ បណ្តាលឲ្យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ ខ្ទេចអស់ទ្រព្យសម្បត្តិទាំងស្រុង សល់តែគ្រោងឆ្អឹង ផ្អើលអស់អ្នកជិតខាង និងនគរបាលជួយអន្តរាគមន៍ពន្លត់ទាំងយប់។ 

ក្រោយហេតុការណ៍នេះ ស្ត្រីជាប្រពន្ធបានប្តឹងឲ្យសមត្ថកិច្ចបាន ធ្វើការឃាត់ខ្លួនបុរសជាប្តីដែលដុតផ្ទះខ្លួនឯងខាងលើពីបទ ហឹង្សាសហព័ន្ធ ចាត់ការតាមនីតិវិធីច្បាប់ ៕ 

ដោយ ៖ សម្បត្តិសីហា

ចំណែក