Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ចើញសម្ភោធឆ្លងសមិទ្ធផលនានាក្នុងវត្ត រត្តនៈ សុខសាន្ត “អូខៃដន”

បន្ទាយមានជ័យ​ ៖​ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធឆ្លងសមិទ្ធផលនានាក្នុងវត្ត រត្តនៈ សុខសាន្ត “អូខៃដន” ។

ពិធីនេះប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ក្នុងបរិវេណវត្ត រត្តនៈ សុខសាន្ត “អូខៃដន” ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្នុងពិធីនេះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា កាលពីដើមឡើយ នៅតំបន់ក្បែរវត្តអូរខៃដននេះ គឺជាតំបន់ សង្គ្រាមបង្ហូរឈាមរវាងខ្មែរនិងខ្មែរ ដោយសារមានការបែកបាក់ខ្វះភាពសាមគ្គី តែបច្ចុប្បន្ននេះ ដោយសារនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ តំបន់នេះ ក្លាយជាតំបន់អភិវឌ្ឍន៍លើគ្រប់វិស័យ មិនថាពុទ្ធចក្រ ឬអាណាចក្រ ដូចយើងមើលឃើញស្រាប់នៅសមិទ្ធផលនានា ដែលកំពុងធ្វើពិធីបុណ្យឆ្លង ក៏ដូចជាសមិទ្ធផលដែលកំពុងសាងសង់ ។

មានប្រសាសន៍ថ្លែងក្នុងពិធីបុណ្យឆ្លងនេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនជនរួមជាតិ ដែលជានិច្ចកាលសម្ដេចទាំងពីរ តែងតែនឹករលឹកខ្វាយខ្វល់ពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេស ក្នុង​វុបត្តិនៃជំងឺឆ្លងកូវីដ១៩នេះ ។

ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានមានប្រសាសន៍ សំដែងនូវការកោតសរសើរ និងអរគុណអរព្រះគុណចំពោះព្រះតេជគុណ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោកលោកស្រី សប្បុរសជនទាំងអស់ ដែលបានរួមសាមគ្គីគ្នា ផ្ដើមកសាងបានរួចរាល់ នូវសមិទ្ធផលជាច្រើនក្នុងបរិវេណវត្តអូខៃដននេះ សម្រាប់ព្រះសង្ឃបានប្រើប្រាស់ និងជាកន្លែងគោរពបូជា ជាទីសក្ការៈ ហើយក៏ជាចំណែកបុណ្យដ៏ធំ មិនអាចកាត់ថ្លៃបាន ។ ឯកឧត្តម ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ ឱ្យបានគ្រប់ដូស ចាប់ពីអាយុ ៣ ឆ្នាំឡើងទៅ ព្រោះថាកូវីដ១៩ នៅមិនទាន់ផុតរលត់ទៅណាឆ្ងាយពីយើងនៅឡើយ ។

បញ្ចប់នៃកម្មវិធី ក៏មានការបំពាក់គ្រឿង ឥស្សរៈយស មេដាយ ប័ណ្ណថ្លែងអំណរគុណ ប័ណ្ណសរសើរដល់ព្រះមន្ត្រីសង្ឃព្រះតេជគុណ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា សប្បុរសជន អាជីវករ ដែលមានសទ្ធាជ្រះថ្លាជួយកសាងនូវសមិទ្ធផលនានា និងបានចែកជូនអំណោយដល់តាជីយាយជី ៥០នាក់ ម្នាក់ៗទទួលបានក្រណាត់ស ១ ដុំ និងថវិកាមួយចំនួន ៕​