Connect with us

ព័ត៌មានជាតិ

ក្រុមប្រឹក្សាខេត្តប៉ៃលិនបើកកិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣ របស់ខ្លួន

ប៉ៃលិន ៖ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំធំសាលាខេត្តប៉ៃលិន ក្រុមប្រឹក្សាខេត្តបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣ របស់ខ្លួន ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ដោយមានការចូលរួមពីសំណាក់លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោក ស្រី អភិបាលរងខេត្ត អភិបាលក្រុងស្រុក ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ។

កិច្ចប្រជុំមានរបៀបវារៈចំនួន៥ដូចជា៖ ទី១. ពិនិត្យ និងអនុម័តពាក្យសុំច្បាប់អវត្តមានពីកិច្ចប្រជុំសាមញ្ញលើកទី៣៦ ក្រុមប្រឹក្សាខេត្ត របស់ឯកឧត្តមឃុន វណ្ណៈ សមាជិកក្រុមប្រឹក្សាខេត្ត , ទី២. ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៦ របស់ក្រុមប្រឹក្សាខេត្ត, ទី៣. ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តន៍ការងារប្រចាំខែមិថុនា ឆ្នាំ២០២២ និងទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្ត, ទី៤. ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តន៍ការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តប៉ៃលិន និងទី៥. បញ្ហាផ្សេងៗ។

នៅក្នុងកិច្ចប្រជុំនេះ ក៏បានលើក បញ្ហានិងសំណូមពរមួយចំនួនដូចជា៖ បញ្ហាក្រុមហ៊ុនទឹកស្អាតថូម៉ាសមានភាពរអាក់រអួលក្នុងការផ្ដល់សេវាទឹកស្អាតជូនប្រជាពលរដ្ឋ បញ្ហាមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ពាក់ព័ន្ធនិងក្រុមហ៊ុនបញ្ញើ Expressមួយចំនួនដែលមិនមានលិខិតអនុញ្ញត សូមឱ្យមានភាពសុក្រិតតាមច្បាប់, បញ្ហាកាយដីលក់នៅភ្នំព្រាលនិងភ្នំប្រាំយកទៅលក់នៅខេត្តបាត់ដំបង,បញ្ហាបទល្មើសព្រៃឈើកើតមានឡើងមិនមានការទប់ស្កាត់ដោយបង្កប់តាមឡានទំនើបៗនិងដឹកតាមរ៉ឺម៉កម៉ូតូ,បញ្ហាសាងសង់លើចំណីផ្លូវគ្មានសណ្តាប់ធ្នាប់, បញ្ហារបាយការណ៍របស់រដ្ឋបាលខេត្តមានភាពយឺតយ៉ាវ,បញ្ហាសំណូមពរសុំឱ្យមន្រ្តីរដ្ឋបាលខេត្តនិងមន្ទីរអង្គភាពត្រូវសហការឱ្យច្បាស់លាស់នូវរបាយការណ៍រវាង Hard និង Soft ឱ្យស៊ីចង្វាក់គ្នា ។

លោកជំទាវបាន ស្រីមុំអភិបាលខេត្ត បានមានប្រសាសន៍ទទួល យកនូវមតិយោបល់របស់សមាជិកក្រុមប្រឹក្សាខេត្តដែល បានលើកឡើងក្នុងការជួយត្រួត ពិនិត្យកែលម្អដើម្បីរួមគ្នាបម្រើផលប្រយោជន៍ជូនដល់បងប្អូនប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ខេត្តឱ្យមានការរីកចម្រើនបន្ថែមទៀត។ រាល់បញ្ហាប្រឈមទាំងអស់សូមមន្ទីរអង្គភាពពាក់ព័ន្ធ និងមន្រ្តីជំនាញនីមួយៗត្រូវខិតខំប្រឹងប្រែងធ្វើការដោះស្រាយទៅតាមជំនាញរបស់ខ្លួនដោយផ្អែកតាមច្បាប់បទដ្ឋានគតិយុត្តនិងបន្តបង្កើនការយកចិត្តទុកដាក់ប្រឹងប្រែងបម្រើសេវាជូនប្រជាពលរដ្ឋ និងត្រូវចុះជួយដោះស្រាយសំណូមពរនានារបស់ប្រជាពលរដ្ឋនៅតាមគោលដៅដែលខ្លួនគ្រប់គ្រងឱ្យបានល្អប្រសើរ ។ លោកជំទាវបានក្រើនរំលឹកដល់មន្ទីរជំនាញទាំងអស់ឱ្យខិតខំបំពេញតួនាទីការងាររបស់ខ្លួន ឱ្យកាន់តែល្អប្រសើរថែមទៀតដើម្បីពង្រឹងប្រសិទ្ធការងាររបស់មន្ទីរអង្គភាពយើងកាន់តែខ្លាំងនិងរីកចម្រើន ហើយម្យ៉ាងទៀតមន្ទីរសុខាភិបាលត្រូវសហការគ្នាជាមួយមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានក្រុងស្រុកត្រូវចុះធ្វើជំរឿនស្រង់ទិន្នន័យបងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១ ទី២ និងដូសជំរុញ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលបម្រើការងារនៅក្នុងក្រុមហ៊ុន ផ្ទះសំណាក់ អាហារដ្ឋាន និងរមណីយដ្ឋាន ដើម្បីធ្វើការផ្តល់វ៉ាក់សាំងជូនពួកគាត់ដល់ទីកន្លែង។

ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់ដែលក្នុងរយៈពេលកន្លងមកនេះ បានខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ធ្វើឱ្យខេត្តប៉ៃលិនមានការអភិវឌ្ឍន៍រីកចម្រើនគួរឱ្យកត់សម្គាល់។ ឯកឧត្តមបានជំរុញដល់មន្ទីរអង្គភាពទាំងអស់ត្រូវបម្រើសេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ជាពិសេសត្រូវចាត់ចែងរៀបចំអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ សង្គមជាតិរីកចម្រើន៕