សម្តេច​តេ​ជោ ហ៊ុន សែន ​ អញ្ជើញ​ពិនិត្យមើល​ស្តូប​ព្រះ​បរម​រតន​កោដ្ឋ​ ដែល​កំពុង​ជួសជុល​ បាន​ប្រមាណ​៩៥%

31

ភ្នំពេញ ​៖ ព្រឹក​ថ្ងៃទី​១៩​ខែមីនា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួមជាមួយ​ថ្នាក់ដឹកនាំ មន្ត្រី ជំនាញ និង អាជ្ញាធរ ដែនដី ពាក់ព័ន្ធ បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ដំណើរការ​ជួសជុល​កែលម្អ ​ស្តូប​ព្រះ​បរម​រតនៈ​កោដ្ឋ ដែល ស្ថិត​នៅលើ​សួនច្បារ​ខាងកើត​វិមាន​ឯករាជ្យ ស្ថិតក្នុង​ខណ្ឌចំការមន ​រាជធានី​ភ្នំពេញ ​ដែល​កំពុងតែ​ដំណើរ​ការជួសជុល ​កែលម្អ​។

ក្នុងឱកាស ចុះ ពិនិត្យ នោះ សម្តេច​ បាន កត់សម្គាល់​ចំពោះ​ស្នាដៃ​ដ៏​ល្អ​និង​លើកទឹកចិត្ត​អោយ​ក្រុម​ជំនាញ​យកចិត្តទុកដាក់​ខ្ពស់​បន្ថែមទៀត​ ដើម្បី​អោយ​សំណង់​ដ៏​ថ្លៃថ្លា​នេះ​ សម្រេច​បាន​គួរ​ជាទី​មោទនៈ ​និង​គោរព​ប្រតិបត្តិ​សម្រាប់​ប្រជាជាតិ​និង​ភ្ញៀវ​អន្តរជាតិ​ចំពោះ​ព្រះ​វិញ្ញាណក្ខន្ធ ​ព្រះ​បរម​រតន​កោដ្ឋ​។ នេះ​ជា​ទីឋាន​ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ជួសជុល​ថែទាំ​ជាប់​ជាប្រចាំ​និង​ជាទី​កន្លែង​ដែល​តែង​ប្រារព្ធ​ពិធី​ថ្វាយ​កុសល​ឧទ្ទិស​ដល់​ដួង​ព្រះ​វិញ្ញាណក្ខន្ធ ​ព្រះករុណា​ព្រះបាទ ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតនៈ​កោដ្ឋ​ ជា​រៀងរាល់ឆ្នាំ ។

បើតាម ឯកឧត្តម​អភិបាល រាជធានី​ភ្នំពេញ បានឲ្យ​ដឹងថា​ ការជួសជុល ​កែលម្អ​ស្តូប​ព្រះ​បរម​រតន​កោដ្ឋ​នេះ​ ជា​ដំណាក់កាល ​គឺមាន ជួសជុល ​ដំបូល ពិ​ដាន​, លាប​ក្បាច់​ពណ៌​ទឹកមាស ​ផ្នែក​ខាងលើ​បរម​រូប , ជួសជុល ជើង ទម្រ ថ្ម ម៉ាប​ និង ថ្មភ្នំ រួមទាំង ​ការថែទាំ សួនច្បារ , រៀបចំ ប្រព័ន្ធ បាញ់ ទឹក ជាថ្មី ឡើងវិញ​ រួមទាំង​ ការកាប់ ដើម ក្ងោក​ចាស់ៗ​ដែល​ពុកផុយ​ រួច​ដាំ​ជាថ្មី​ឡើងវិញ ​ហើយ​សាលា​រាជធានី​ភ្នំពេញ ​ក៏បាន​រៀបចំ​បែងចែក​អោយ​មាន​គណៈកម្មការ​ទទួល​ខុសត្រូវ​លើ​ជួសជុល​ថែទាំ​ជាប់​ជាប្រចាំ​ទាំង​ចំពោះ​ស្តូប​ព្រះ​បរម​រូប​ ក៏ដូចជា​សួន​ផងដែរ​។

ការជួសជុល​កែលម្អ​ឡើងវិញ​ស្តូប​ព្រះ​បរម​រូប បើ​គិត​រហូត​មក​ដល់ពេលនេះ​ គឺ​សម្រេច​បាន​ប្រមាណ ៩៥% ហើយៗ ​គ្រោង​នឹងធ្វើ​ឱ្យ រួចរាល់​នៅ​ចុងខែ​មីនា​នេះ ។ ទីតាំង ស្តូប ព្រះ​បរម​រតនៈ​កោដ្ឋ រួមទាំង​ សួនច្បារ ជុំវិញ​ផង បាន​ក្លាយ​ជាទី​រមណីយដ្ឋាន​ដ៏​ស្រស់បំព្រង ​ប្រកបដោយ ​ខ្យល់អាកាស បរិសុទ្ធ និង ពេញនិយម ​សំរាប់ ភ្ញៀវទេសចរ ទៅ លំហែ កម្សាន្ត និង ជាទី ​ពេញនិយម សំរាប់ ប្រជាពលរដ្ឋ ទូទៅ ហាត់ប្រាណ ដើម្បី សុខភាព ផងដែរ ។

គួរ​បញ្ជាក់ថា ព្រះករុណា សម្តេច ព្រះ នរោត្តម សីហនុ ព្រះ មហា វីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ​បាន​ស្តេច យាង សោយ ព្រះ ទិវង្គត នៅ ថ្ងៃ ទី ១៥ ខែ តុលា ឆ្នាំ ២០១២ នៅ ឯ មន្ទីរពេទ្យ ធំ ក្នុង​ ទីក្រុង ប៉េកាំង នៃ សាធារណរដ្ឋ ប្រជាមានិត ចិន ក្នុង ព្រះជន្ម ៩០ ព្រះវស្សា ដោយ ព្រះ រោគាពាធ ដែល ជាការ បាត់បង់ ដ៏ ធំធេង របស់ កម្ពុជា​ហើយ​ស្តូប​ព្រះ​បរម​រូប​ព្រះ​បរម​រតន​កោដ្ឋ​នេះ​គឺ​បាន​បញ្ចុះ​បឋមសិលា​សាង​សង់​កាលពី​ថ្ងៃទី​២២​ខែកុម្ភៈ​ឆ្នាំ ២០១៣ មាន រចនា តាម​ទម្រង់​បុស្បុក មាន​កម្ពស់​សរុប ២៧ ម៉ែត្រ​ គិតពី​បាត​ក្រោម ដល់ កំពូល​។ រីឯ តួ​ព្រះ​បរម​រូប ធ្វើ អំពី​ស្ពាន់​មាន​កម្ពស់​៤,៥ ម៉ែត្រ ទ្រង់​ឈរ លើ​ព្រះ​ទែន​មាន​កម្ពស់ ២,៧ ម៉ែត្រ គឺ សង់​នៅ​លើ​ខឿន​រាង​ចតុកោណ​ កែង មាន​បណ្តោយ​៥៤ ម៉ែត្រ ទទឹង​២៧ ម៉ែត្រ កម្ពស់ ០,៩ ម៉ែត្រ​។ ការ​រចនាសម្ព័ន្ធ​បុស្បុក និង​ព្រះ​បរម​រូប គឺ ត្រូវ បាន​កំណត់​យក​ខ្នាត​ទូទៅ​មួយ​សុទ្ធ ​តែ​មាន​លេខ អាច​បូក​ផ្គុំ​បញ្ចូល​គ្នា​បានជា​លេខ​៩​ទាំងអស់ ហើយ​ស្តូប​ព្រះ​បរម​រូប ព្រះ​បរម​រតន​កោដ្ឋ​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​បរទេស​ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នៅ​ថ្ងៃទី​១១​ខែ ​ តុលា ឆ្នាំ​២០១៣ ក្រោម​ព្រះរាជា​ធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​បំផុត សម្តេចព្រះ​បរមនាថ ​នរោត្តម សីហមុនី ​ព្រះមហាក្សត្រ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្នូរ ​និង​សុភមង្គល នរោត្តម មុនីនាថ ​សីហនុ ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​ក្នុង​ស្ថាប័ន​ព្រឹទ្ធសភា​ រដ្ឋសភា រាជរដ្ឋាភិបាល ​មន្ត្រីរាជការ និង​សិស្សានុសិស្ស​មួយចំនួន​ផងដែរ​៕

ចំណែក