សម្ដេចនាយករដ្ឋមន្ដ្រី ​អញ្ជើញ​ពិនិត្យមើល​មន្ទីរពេទ្យ​នគរ​ទេព​ ដែល​ត្រូវ​បាន​រៀបចំ​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​កូ​វីដ​-១៩

25

ភ្នំពេញ ​៖ ព្រឹក​ថ្ងៃទី​១៩​ខែមីនា ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួមជាមួយ​ថ្នាក់ដឹកនាំ មន្ត្រី ជំនាញ និង អាជ្ញាធរ ដែនដី ពាក់ព័ន្ធ​ បាន​អញ្ជើញ​ទៅពិនិត្យ​មើល​ដំណើរការ​រៀបចំ​មន្ទីរ​ពេទ្យ​មួយ ​កន្លែង​មាន​ឈ្មោះថា ​មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រៃ​ស​ខាងកើត សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ​រាជធានី​ភ្នំពេញ​។

មន្ទីរពេទ្យ​នេះ ជា​មន្ទីរពេទ្យ​ថ្មី​មួយ​ទើប​ត្រូវ​បាន​បង្កើតឡើង​ក្រោម​ការ​គាំទ្រ​ពី​លោកជំទាវ​រដ្ឋ​មន្ត្រីក្រសួង​កិច្ចការនារី ​ដើម្បី​ផ្តល់​សេវា ព្យាបាល​ផ្នែក​រោគ​ស្ត្រី និង​ជំងឺ​មហារីក​របស់​ស្ត្រី ជាពិសេស​សម្រាប់​ផ្តល់​សេវា​ជូន​ដល់​ស្ត្រី​ ដែលមាន​ជីវភាព​ខ្វះខាត ​ ប៉ុន្តែ​ដោយសារ​មាន​តម្រូវការ​ជាបន្ទាន់​ចំពោះ​មុខ​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ គួរ​ឱ្យ​ព្រួយបារម្ភ​មន្ទីរពេទ្យ​មួយ​នេះ​ត្រូវបាន​សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល ​ណែនាំ​ឱ្យ​ប្រែ​ក្លាយទៅជា​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ព្រម​គ្នា​ជាមួយ​នឹង​ការយក​អតីត​សណ្ឋាគារ​អាំងទែកុងទីណង់តាល់ ធ្វើជា​មន្ទីរពេទ្យ​សម្រាប់​ដាក់​ពិនិត្យ​និង​ព្យាបាល​អ្នក​ជំងឺ​កូ​វីដ​-១៩ ​ដូចគ្នា​ដែរនោះ​។

សម្តេច​ បាន​អញ្ជើញ​ពិនិត្យមើល​ដោយ​យកចិត្តទុកដាក់​នៅ​គ្រប់​ទីកន្លែង នៃ​ទីតាំង​បន្ទប់​នីមួយៗ ដើម្បី​ធ្វើយ៉ាង​ណា​ឱ្យ​ការរៀបចំ​មន្ទីរពេទ្យ​មួយកន្លែង​នេះ ប្រព្រឹត្តិ​ទៅបាន​ត្រឹមត្រូវ​តាម​ស្តង់ដារ បច្ចេកទេស​ សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ការពិនិត្យ​ និង​ព្យាបាល​អ្នក​ជំងឺ​កូ​វីដ​-១៩​ជោគជ័យ​។

ការរៀបចំ​មន្ទីរពេទ្យ​នគរ​ទេព​ឱ្យទៅជា​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​នេះ ជា​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ទូលាយ នៅ​លើ​ផ្ទៃដី​១​ហ​.​ត កន្លះ , ដោយ​មន្ទីរពេទ្យ​នេះ​មាន​ទំហំ​អគារ ២៥.០០០​ម៉ែត្រក្រឡា​, កម្ពស់​៥​ជាន់ ,​មាន​ប្រព័ន្ធ​ទឹក ភ្លើង​ល្អ បំពាក់​ប្រព័ន្ធ​សឡា ​និង​មាន​ម៉ាស៊ីនភ្លើង​បម្រុង​៣៥០KWA បំពាក់​ដោយ​ម៉ាស៊ីន​ផ្លាស់ប្តូរ​ដោយ​ស្វ័យប្រវត្តិ​។​មន្ទីរពេទ្យ​នេះ​ មាន​ចំណុះ​៥០០​គ្រែ​ដោយ​អាច​រៀបចំ​ជា​ផ្នែក​សង្គ្រោះ​បន្ទាន់​៨០​គ្រែ ​និង​ផ្នែក​ជំងឺ​ធម្មតា​៤២០​គ្រែ​។​ មន្ទីរពេទ្យ​មាន​បំពាក់​ឧបករណ៍​វេជ្ជសាស្ត្រ​ទំនើបៗ​ ស្របតាម​ស្តង់ដារ ​សម្រាប់​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ​ដែល​ផ្តល់​ជូន​ដោយ​ក្រសួងសុខាភិបាល​។

សូមបញ្ជាក់ថា នេះ​ជា​មន្ទីរពេទ្យ​ទី​៥​ហើយ សម្រាប់​ដាក់​ការ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ​នៅ​រាជធានី​ភ្នំពេញ បន្ទាប់ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​,​មណ្ឌល​សុខភាព​ចាក់អង្រែ​, មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​ហង់​សិន ,​សណ្ឋាគារ​ឌឹ​ក្រេ​ក​ឌូ​ក (​អតីត​សណ្ឋាគារ​អាំងទែរ​កុងទីណង់តាល់​)​។ ​ទាក់ទង​នឹង​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ បើតាម​ក្រសួងសុខាភិបាល​បាន​ជូនដំណឹង​នៅ​ថ្ងៃនេះ​ថា បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩​ថ្មី សម្រាប់​ថ្ងៃទី​១៨​ ខែមីនា​មាន ចំនួន​៣៧​នាក់ ​ក្នុងនោះ​គឺជា​ករណី​ឆ្លង​ដោយ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ទាំងអស់ ខណៈ​ថ្ងៃនេះ ​មាន​អ្នកជា​សះស្បើយ​១៩​នាក់​និង​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​។ ​ចំពោះ​ករណី​រក​ឃើញ​ថ្មី​៣៧​នាក់​នេះ​គឺ ​មាន​រក​ឃើញ​នៅ​រាជធានី​ភ្នំពេញ​៣៣​នាក់​ , ខេត្ត​ព្រះសីហនុ​៣​នាក់​,​និង​ខេត្តកណ្តាល​ ១​នាក់​។

របាយការណ៍​ បានបង្ហាញ​ដែរ​ថា​ គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃនេះ កម្ពុជា​ បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប​ចំនួន​១.៥៨៧​នាក់​ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ​៩១៧​នាក់​ ,​និង​អ្នក​កំពុង​សំរាក​ព្យាបាល​ចំនួន​៦៥៨​នាក់ និង​មាន​អ្នក​ស្លាប់​១​នាក់​ ដោយសារ​ជំងឺ​កូ​វីដ​-១៩៕

ចំណែក