អ្នកស្លាប់ និងរបួសដោយសារអគ្គិភ័យជាង៥០នាក់ ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ

ភ្នំពេញ៖ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២នេះ មនុស្សយ៉ាងតិចចំនួន ១២នាក់បានស្លាប់ និង៤១នាក់ បានរងរបួសដោយសារអគ្គិភ័យ ខណៈផ្ទះ និងតូបរបស់ប្រជាពលរដ្ឋចំនួន ៤៨៦ខ្នង/តូប បានឆាបឆេះទាំងស្រុង ។

ឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយទទួលវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ឧបករណ៍TIGER ដើម្បីស៊ើបអង្កេតករណីអគ្គិភ័យ នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះ ​បានបញ្ជាក់ថា ចាប់ពីខែមករាដល់ខែមិថុនា ឆ្នាំ២០២២នេះមានករណីអគ្គិភ័យចំនួន ៣៧២លើក បាន​បណ្តាលឱ្យមនុស្សស្លាប់ចំនួន ១២នាក់ រងរបួសចំនួន៤១នាក់​ ផ្ទះនិងតូបជិត៥០០ខ្នង និងតូប។

តាមរយៈកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននេះដែរ ឧត្តមសេនីយ៍ឯក នេត វន្ថា ក៏បានក្រើនរំលឹក និងអំពាវនាវដល់បងប្អូនជនរួមជាតិឱ្យមានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ចំពោះអគ្គិភ័យនេះ ជាពិសេសប្រុងប្រយ័ត្នចំពោះចរន្តអគ្គិសនី និងភ្លើងហ្គាស៍ ធូប ទៀនជាដើម៕

CATEGORIES
Share This