អាជ្ញាធរខេត្តបន្ទាយមានជ័យ ប្រារព្ធខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០០៧ – ២១ មិថុនា ២០២២

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានប្រារព្ធខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០០៧ – ២១ មិថុនា ២០២២ ។

ពិធីនេះ ប្រព្រឹត្តទៅនៅមន្ទីរគណបក្សប្រជាជនកម្ពុជា សាខាខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងមានការចូលរួមពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន ជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា, ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ, ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងលោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោក លោកស្រី លោកតា លោកយាយ សមាជិក សមាជិការ អតីតយុទ្ធជនចំនួន៥០០នាក់ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការប្រារព្ធខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា នាឱកាសនេះ គឺជា ព្រឹត្តិការណ៍ដ៏សំខាន់មួយ សំដៅ ធ្វើឲ្យប្រជាជនគ្រប់រូបចងចាំនូវ ពលិកម្មដ៏ធំធេង និងមិនអាចកាត់ថ្លៃបាន របស់យុវជន យុទ្ធនារី និងប្រជាជន ដែលបានលះបង់ អាយុជីវិត ដើម្បីបុព្វហេតុជាតិនៅគ្រប់ដំណាក់កាល និង គ្រប់កាល:ទេស:។

ក្រោយបញ្ចប់ការសំណេះសំណាល ឯកឧត្តម គណអធិបតីក៏បានចែកអំណោយ ដល់អតីតយុទ្ធជនដែលចូលរួម ចំនួន៥០០នាក់ ក្នុង១នាក់ អង្ករ ២០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ី១យួរ និង ថវិការ៥ម៉ឺនរៀល ។ ឧបត្ថម្ភគ្រួសារមរណ: និងពលី ១៦៨៧គ្រួសារ ក្នុង១គ្រួសារ ទទួលបានថវិការ៥ម៉ឺនរៀល ។ ឧបត្ថម្ភអតីតយុតជនទូទាំងខេត្ត ៤១៥៥នាក់ ក្នុង១នាក់ ទទួលបានថវិការ២ម៉ឺនរៀល ។ សរុប: អតីតយុទ្ធជន ៦៣៤២នាក់ សរុបថវិការ ២៣០.៤៥០.០០០រៀល ៕

CATEGORIES
Share This