រកឃើញពលករខ្មែរ ២នាក់ ក្នុងចំណោមពលករខ្មែរ ៤៩នាក់ ដែលថៃចាប់បញ្ជូនមកកម្ពុជាវិញ វិជ្ជមានកូវីដ១៩
បាត់ដំបង ៖ មន្ត្រីជំនាញរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានរកឃើញពលករខ្មែរ ២នាក់ ក្នុងចំណោមពលករខ្មែរ ៤៩នាក់ ដែលថៃចាប់បញ្ជូនមកកម្ពុជាវិញ វិជ្ជមានកូវីដ១៩ ។
លោកវរសេនីយ៍ឯក សួន ស៊ីរ៉ា នាយការិយាល័យផ្សព្វផ្សាយនិងអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ការរកឃើញវត្តមានជំងឺកូវីដ១៩ លើពលករប្រុស ស្រី ទាំង២នាក់នេះ បានធ្វើឡើងក្នុងពេល ដែលភាគីនៃប្រទេសថៃ បានបញ្ជូនពលករខ្មែរចំនួន៤៩នាក់ ឱ្យវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ត្រង់ភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
លោកបន្តថា ក្រុមពលករមកពីប្រទេសថៃ ទាំង៤៩នាក់នោះ ត្រូវបានកម្លាំងនគរបាលធ្វើការអប់រំណែនាំបន្ថែមអំពីផលប៉ះពាល់នៃជំងឺកូវីដ១៩ និងវិធានការការពារលើការចម្លងនៃជំងឺកូវីដ១៩ រួចរាល់ហើយ ទើបក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលបាលខេត្តបាត់ដំបង យកសំណាកធ្វើតេស្ត ដើម្បីស្វែងរកមេរោគកូវីដ១៩ ជាបន្តបន្ទាប់ ជាលទ្ធផល គឺវិជ្ជមានចំនួន២នាក់ ក្រៅពីនោះគឺអវិជ្ជមានទាំងអស់គ្នា ។
ក្រៅពីមានករណីវិជ្ជមាន ជំងឺកូវីដ១៩ មន្ត្រីជំនាញនូវបានរកឃើញពលករចំនួន១៨នាក់ ដែលមានប័ណ្ណចាក់វ៉ាក់សាំង តែស្កែនមិនមានទិន្នន័យ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័កស្ថិតក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយឡែកពលករដែលមានកាតចាក់វ៉ាក់សាំងត្រឹមត្រូវ ចំនួន៣១នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យវិលត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញផងដែរ ៕
ដោយ ៖ Pa J