រយៈពេល៦ខែឆ្នាំនេះ ចំណូលលក់សំបុត្រចូលទស្សនាអង្គរដល់ភ្ញៀវទេសចរបរទេស កើនឡើងជាង ១០ដង ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១

សៀមរាប៖ កម្ពុជាទទួលបានចំណូលជាង ២,៤លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២២ កើនឡើងជាង ១០ដង ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ។

គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា ៦ខែនេះ មានទេសចរសរុប ៥៩ ៩៨៣នាក់ បានទិញសំបុត្រចូល​រមណីយដ្ឋាន​អង្គរ ដែលកើន ១០ដង ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ។ ដោយឡែក ក្នុង​ខែមិថុនា កន្លងទៅនេះ មានទេសចរ ១៤ ២០៤នាក់ បាន​ទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ហើយ​ចំណូលលក់សំបុត្រនោះមាន ៥៦៣ ៦៥៣ដុល្លារ។

គួរបញ្ជាក់ដែរថា ក្នុងរយៈពេល ៦ខែ ចំណូលពីការលក់សំបុត្រចូលរមណីយដ្ឋានអង្គរ ដែលបាន​ឧបត្ថម្ភ​ទៅមូលនិធិ​គន្ធបុប្ផា ​មាន​ចំនួន ១១៩ ៩៦៦ដុល្លារ។ នេះបើតាមសេចក្តីប្រកាស​ព័ត៌មាន​របស់គ្រឹះស្ថានអង្គរ។

ស្ថិតនៅភាគពាយព្យនៃខេត្តសៀមរាប ប្រាសាទអង្គរ ​ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌ​ពិភព​លោក​របស់ យូណេស្កូ ក្នុងឆ្នាំ ១៩៩២ គឺជាគោលដៅទេសចរណ៍​ពេញ​និយមបំផុត​នៅក្នុង​ប្រទេសកម្ពុជា។

ក្នុងអំឡុងមុនការរាតត្បាតជំងឺកូវីដ១៩ រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​ប្រាសាទអង្គរ បាន​ទទួល​ភ្ញៀវអន្តរជាតិដល់ទៅ ២,២ លាននាក់ក្នុងឆ្នាំ ២០១៩​ ដែលរកចំណូលបាន​ ៩៩ លានដុល្លារ ពីការលក់សំបុត្រ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា​ សម្រេចបើកប្រទេសពេញលេញឡើងវិញ ​កាលពីខែវិច្ឆិកាឆ្នាំមុន បន្ទាប់​ពីស្ថានភាពកូវីដ១៩ក្នុងប្រទេសមានភាពធូរស្រាល ​ដោយសារអត្រាខ្ពស់នៃប្រជាពលរដ្ឋ​បាន​ចាក់វ៉ាក់សាំងមូលដ្ឋាន។ នៅក្រោយ​ប្រកាស​ទទួលភ្ញៀវទេសចរបរទេសដែល​បានចាក់វ៉ាក់សាំង​កូវីដ១៩ អាជីវកម្មទេសចរណ៍នានា ​ត្រូវបានគេមើលឃើញថា បានបើកដំណើរការឡើងវិញ​ជា​បន្តបន្ទាប់៕

CATEGORIES
Share This