ពលរដ្ឋ ៥,៦២០គ្រួសារ ទទួលបានអំណោយពី សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

116

បាត់ដំបង ៖ ក្នុងរយៈពេល១ឆ្នាំ ២០២០កន្លងទៅ មានប្រជាពលរដ្ឋ ៥,៦២០គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពី សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ។ 

នេះបើយោងតាមរបាយការណ៍ នៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ ក្រោយអធិបតីភាពឯកឧត្ដមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខាសរុបចំនួន១៦រូបទៀតផងដែរ ។

លោក កុសុម សុភីនារ៉ា នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានជម្រាបជូនថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាក្នុងឆ្នាំ២០២០នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង សម្រេចបានក្នុងវិស័យស្នូលទាំង៤ ក្នុងនោះរួមមាន ៖ ទី១.ការងារគ្រប់គ្រងគ្រោះមហន្តរាយ ទី២.ការងារសុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍  ទី៣.ការងារលើកកម្ពស់គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌ និងទី.៤ ការអភិវឌ្ឍន៍ស្ថាប័ននិងអភិវឌ្ឍធនធានដែលលទ្ធផលទាំងនេះបានឆ្លើយតបគ្រោះមហន្តរាយហើយលទ្ធផលល្អប្រសើរ ក្នុងនោះបានផ្ដល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋសរុបបាន១៧៣លើក ស្មើចំនួន៥,៦២០ គ្រួសារ កើនឡើង៦៥លើកស្មើ២,៥៣៨គ្រួសារ ប្រៀបធៀបឆ្នាំ២០១៩ កន្លងទៅ ។ 

ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា  គណៈកម្មាធិការសាខា អនុសាខាក្រុង ស្រុក  និងក្រុមប្រតិបត្តិ មានការសហការល្អក្នុងការអនុវត្តតួនាទីភារកិច្ចទទួលបានលទ្ធផលល្អ និងបន្តខំប្រឹងបន្ថែមដើម្បីអោយសាខាកាកបាទក្រហមខេត្តមានការរីកចម្រើនទៅមុខ និងបន្តកៀរគរសប្បុរសជនជាតិ អន្តរជាតិ ក្រុមហ៊ុនឯកជន មន្ត្រីរាជការ ដើម្បីចូលរួមជាវិភាគទានទ្រទ្រង់គាំទ្រសកម្មភាពសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ក្នុងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះដែលកំពុងជួបនូវបញ្ហាខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ និងជួបនូវគ្រោះមហន្តរាយផ្សេងៗទៀតដែលអាចកើតមានឡើងជាយថាហេតុ ។ មួយវិញទៀត ក្នុងស្ថានភាពដែលពិភពលោកក៏ដូចជា កម្ពុជាយើងជួបវិបត្តិនូវជំងឺកូវីត១៩ ទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសាខាកាកបាទក្រហមគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត តែងបានរួមសហការគ្នាល្អជាមួយអាជ្ញាធរនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយបានដោះស្រាយការខ្វះខាតជូនប្រជាពលរដ្ឋនិងទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍បានយ៉ាងមានប្រសិទ្ធភាពជាពិសេសក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ព្រមទាំងសូមឲ្យសមាជិក សមាជិកទាំងអស់បន្តផ្សព្វផ្សាយនឹងចូលរួមទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ តាមរយៈការបន្តអនុវត្តវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីគឺ ៣ការពារ (១.ពាក់ម៉ាស់ ២.លាងដៃ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល) និង៣កុំ (១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលនិងប្រេីម៉ាសុីនត្រជាក់ច្រេីនពេក រកកន្លែងមានខ្យល់ចេញចូល ២.កុំទៅកន្លែងមនុស្សច្រេីនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដេីម)។ 

ក្នុងនោះដែរឯកឧត្តមបណ្ឌិត ក៏បានថ្លែងនូវអំណរគុណចំពោះព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោកឧកញ្ញ៉ា សប្បុរជនគ្រប់មជ្ឈដ្ឋាន ដែលកន្លងមកតែងបានជួយឧបត្ថម្ភគាំទ្រដល់ សាខាកាកបាទក្រហមខេត្ត ជាថវិកាក្តី ជាសម្ភារៈក្តី ក្នុងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយគ្រោះធម្មជាតិ និងខ្វះខាតនៅមូលដ្ឋានពិសេសអំឡុងពេលគ្រោះទឹកជំនន់កន្លងមក ហើយកិច្ចប្រជុំក៏បានដាក់ទិសដៅបន្ត ជំរុញការងារអភិវឌ្ឍន៍សាខា និងអនុសាខា ដែលក្នុងនោះគឺសកម្មភាពការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស និងការងាររដ្ឋបាលនិងហិរញ្ញកិច្ច ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ និងការពិនិត្យតាមដានវាយតម្លៃ របាយការណ៍ របស់អនុសាខា ដោយមានផែនការសកម្មភាពមួយជាក់លាក់ និងសាខាមានប្រព័ន្ធពិនិត្យតាមដានវាយតម្លៃនិងរបាយការណ៍ដែលមានប្រសិទ្ធភាពនិងទៀងទាត់ ៕ 

ដោយ ៖ សាលី

ចំណែក