រដ្ឋបាលរាជធានីភ្នំពេញ ដាក់កំហិតឲ្យកម្មវិធីនានារៀបចំតុ ត្រឹមមនុស្ស៧នាក់ ខណៈករណីអូមីក្រុងកំពុងហក់ឡើងក្នុងសហគមន៍
ភ្នំពេញ៖ រយៈពេលនេះ ករណីអូមីក្រុងកំពុងហក់ឡើងខ្ពស់ក្នុងសហគមន៍ នៅក្នុងវិធីនានា រដ្ឋបាលរាជធានីភ្នំពេញ បានតម្រូវឲ្យមានការរក្សាគម្លាត ក៏ត្រូវពិនិត្យប័ណ្ណចាក់វ៉ាក់សាំង បើបុគ្គលណាមួយមិនបានចាក់វ៉ាក់សាំង ឬហួសរយៈពេល៤ខែ ហើយ មិនបានទៅចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញដោយគ្មានមូលហេតុត្រឹមត្រូវ បុគ្គលនោះ មិនអនុញ្ញាតឲ្យចូលទីតាំង ឬកន្លែងប្រារព្ធពិធីនោះឡើយ។
បើយោងតាមយោងតាមសេចក្តីណែនាំរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃម្សិលមិញ ក៏បានដាក់កំហិតឲ្យរៀបចំកៅអីអង្គុយមានគម្លាតសុវត្ថិភាព ដោយមិនឲ្យលើសពី៧នាក់ ក្នុងមួយតុ នៅក្នុងពិធីរៀបចំមង្គលការ ភោជនីយដ្ឋាន ពិធីបុណ្យទាន កន្លែងកម្សាន្ត និងការជួបជុំ ប្រមូលផ្តុំផ្សេងៗ ដែលមានមនុស្សច្រើន ។
យោងតាមសេចក្តីណែនាំ ស្តីពីការក្រើនរំលឹកដល់ប្រជាពលរដ្ឋ ពីការអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ពិសេសប្រភេទអូមីក្រុង របស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១០ ខែកុម្ភៈនេះ បានលើកឡើងថា ចាប់ពីពេលនេះតទៅចំពោះទីតាំងដែលប្រមូលផ្តុំមនុស្សច្រើនដូចជា កន្លែងរៀបចំពិធីមង្គលការ ភោជនីយដ្ឋាន ពិធីបុណ្យទាន កន្លែងកម្សាន្ត និងការជួបជុំ ប្រមូលផ្តុំផ្សេងៗ ដែលមានមនុស្សច្រើន ត្រូវឲ្យរៀបចំកៅអី អង្គុយមានគម្លាតសុវត្ថិភាព ដោយមិនឲ្យលើសពី៧នាក់ ក្នុងមួយតុ និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ សុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ–១៩ ដូចជាបាញ់អាកុល ឬដែលលាងដៃ វាស់កំដៅ រក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស ហើយការដោះម៉ាស ចេញក្នុងអំឡុងពេលទទួលទានអាហារ ត្រូវទុកដាក់ឲ្យបានត្រឹមត្រូវ និងត្រូវពាក់ម៉ាសវិញ នៅពេលងើបចេញពីតុជាដើម។
តាមរយៈសេចក្តីណែនាំនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានក្រើនរំលឹកដល់មន្ត្រី បុគ្គលិក សិស្ស និស្សិត និងកៀរគរប្រជាពលរដ្ឋ ឲ្យទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ–១៩ ទាំងដូសមូលដ្ឋាន និងដូសទី៣ ឬដូសជំរុញឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនភាពរឹងមាំក្នុងសហគមន៍ និងចៀសវាងនូវមហន្តរាយសុខភាពសាធារណៈ ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាដើម៕