អគ្គីភ័យលេបត្របាក់ផ្ទះ១ខ្នង បង្កឲ្យម្ចាស់ផ្ទះរងរបួសស្រាល

12

បាត់ដំបង ៖ ផ្ទះឈើ១ខ្នង ត្រូវបានអគ្គីភ័យលេបត្របាក់អស់ទាំងស្រុង និងបង្កឲ្យម្ចាស់ផ្ទះរងរបួសស្រាល កាលពីវេលាម៉ោង១៤និង៥២នាទីថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២១ នៅត្រង់ចំណុចក្រុមទី១៦ ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថា ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះខាងលើមានទំហំ ៧ម៉ែត្រx៩ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី  ជញ្ជាំងស័ង្កសី ក្រាលក្តារបាត (ខូចខាតទាំងស្រុង ) ដែលមានម្ចាស់ឈ្មោះ យ៉ាត សាម ភេទប្រុស អាយុ៦៧ឆ្នាំ រងរបួសស្រាល ។ ភ្លាមៗ សមត្ថកិច្ចបានចេញរថយន្តចំនួន០៥គ្រឿងចុះអន្តរាគមន៍ជួយបាញ់ពន្លត់ដោយ ប្រើប្រាស់ទឹកអស់ចំនួន០៤ឡាន ទើបអាចគ្រប់គ្រងបានរលត់ទាំងស្រុងមិនបង្កអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងបាន។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានពិនិត្យ និងសាកសួរព័ត៌មានជំវិញកន្លែងកើតហេតុ រួចបានសន្និដ្ឋានថា ករណីខាងលើគឺ បណ្តាលមកពីឆ្លងចរន្តអគ្គីសនី ហើយទំហំនៃការខូចខាតរួមមាន ៖ ផ្ទះឈើតម្កល់ទំហំ ៧ម៉ែត្រx៩ម៉ែត្រ (ឆេះខូចខាតទាំងស្រុង ), លុយខ្មែរចំនួន ៣,០០០,០០០រៀល(បីលានរៀល), ធុងបាស់ ០២ គ្រឿង, ទូរទស្សន៍ ០២ គ្រឿង, កង់ ០១គ្រឿង, ឯកសារ ក២ ក៤សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ០៤ ប័ណ្ណក្រីក្រ ០១ និងសំលៀកបំពាក់មួយចំនួនធំ សរុបការខូចខាតទាំងអស់ប្រហែល៤០,០០០,០០០រៀល (សែសិបលានរៀល) ៕ 

ដោយ ៖ សាលី

ចំណែក