មន្ត្រីទេសចរណ៍ខេត្តបាត់ដំបង បន្តចុះត្រួតពិនិត្យមណ្ឌលកម្សាន្ត ភោជនីយដ្ឋាន និងអាហារដ្ឋាន ទូទាំងក្រុង

28

បាត់ដំបង ៖ ជាការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងយុទ្ធនាការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ចូលក្នុងសហគមន៍ កាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមការងារមន្ទីរទេសចរណ៍ខេត្តបាត់ដំបង សហការជាមួយនគរបាលទេសចរណ៍ រដ្ឋបាលសង្កាត់ និងមន្រ្តីប៉ុស្តិ៍ បានចុះត្រួតពិនិត្យ មណ្ឌលកម្សាន្តមនុស្សពេញវ័យ ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ទូទាំងក្រុងបាត់ដំបង ។

លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានអោយដឹងថា យុទ្ធនាការនាយប់មិញនេះ មន្ត្រីជំនាញយើងបានសង្កេតឃើញថា នៅតាមមណ្ឌលកម្សាន្តមនុស្សពេញវ័យ ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ជាច្រើន ហាក់មានសភាពស្ងប់ស្ងាត់ ដោយសារតែប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ មិនសូវចេញទៅខាងក្រៅ ដោយពួកគាត់នៅមានការព្រួយបារម្ភពីជំងឺកូវីដ១៩ដល់សហគមន៍ និងមួយវិញទៀតអាជីវកម្មមួយចំនួនបានផ្អាកដំណើរការបណ្តោះអាសន្ន និងមួយចំនួនទៀតបានចូលរួមសហការ និងអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍បានល្អ។ 

ជាមួយគ្នានេះ ក្រុមការងារក៏បានផ្សព្វផ្សាយសេចក្តីជូនដំណឹង លេខ ០០៣ សជណ.មទខបប ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ស្តីពីការបន្តពង្រឹងវិធានការបិទផ្អាកអាជីវកម្មមណ្ឌលកម្សាន្តមនុស្សពេញវ័យក្នុងខេត្តបាត់ដំបង និងបានរំលឹកបន្ថែមអោយម្ចាស់អាជីវកម្មទាំងអស់ពង្រឹងបន្ថែមនូវការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍អោយបានខ្ជាប់ខ្ជួនរហូតដល់មានការជូនដំណឹងសារជាថ្មីផងដែរ។

ក្នុងការចុះពិនិត្យអង្កេតខាងលើនោះដែរ ខាងមន្ត្រីជំនាញក៏បានសង្កេតឃើញថានៅមានខារ៉ាអូខេចំនួន០១ទីតាំង ឈ្មោះ ហ្គោលឌិន មានអាស័យដ្ឋានស្ថិតក្នុងភូមិនំក្រៀប សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ដែលគ្មានអាជ្ញាបណ្ណទេសចរណ៍ និងលួចលាក់បើកបន្ទប់ខារ៉ាអូខេច្រៀង បំពាននឹងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលនៅឡើយ ៕

ដោយ ៖ សាលី

ចំណែក