អធិការស្រុកគាស់ក្រឡ ចុះផ្សព្វផ្សាយវិធានការ របស់ក្រសួងសុខាភិបាល ស្តីពី ការការពារ ការឆ្លងរាលដាលជម្ងឺកូវីដ-១៩ នៅតាមសហគមន៍

38

បាត់ដំបង ៖ ដើម្បីរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកវរសេនីយ៍ឯក ប៉ាង ហៀង ឣធិការនគរបាលស្រុកគាស់ក្រឡ បានចាត់តាំងកំលាំងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយវិធានការរបស់ក្រសួងសុខាភិបាល ស្តីពីការ ការពារ ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ នៅតាមសហគមន៍ ចែកជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក៏ដូចជាទីផ្សារប្រជុំជននានាអោយពួកគាត់បានយល់ដឹង និងចូលរួមសហការឲ្យបានគ្រប់ៗគ្នា ។ 

លោកវរសេនីយ៍ឯក ប៉ាង ហៀង ឣធិការនគរបាលស្រុកគាស់ក្រឡបានអោយដឹងថា ក្នុងយុទ្ធនាការនេះ មានខ្លឹមសារអំពាវនាវដូចជា ៖ ១-សូមអោយបងប្អូនប្រជាពលរដ្ឋ ដែលមកពីក្រៅប្រទេស ជាពិសេសមកពីប្រទេសថៃ ទោះធ្វើដំណើរតាមច្រករបៀងណាមួយក៏ដោយ ត្រូវតែអញ្ជឹងទៅធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័ក រយៈពេល១៤ថ្ងៃ កុំគេចវេស ឬមកពួនសម្ងំនៅក្នុងលំនៅដ្ឋាន ដែលជាហេតុនាំអោយមានការឆ្លងដល់បងប្អូន និងសហគមន៍ ។ ២-ត្រូវមានការសហការអោយបានល្អជាមួយអាជ្ញាធរក្នុងមូលដ្ឋាននៅពេលដែលមានបងប្អូនលួចឆ្លងដែន ដោយលួចលាក់តាមរយៈមេខ្យល់ ឬតាមសកម្មភាពផ្សេងៗ ដែលផ្ទុយពីការណែនាំរបស់រាជរដ្ឋាភិបាល ត្រូវរាយការណ៍ជាបន្ទាន់ជូនអាជ្ញាធរដើម្បីអោយសាមីខ្លួន ទៅធ្វើការពិនិត្យសុខភាពរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័ក ដើម្បីបញ្ជៀសការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងគ្រួសារ និងសហគមន៍របស់យើងទាំងអស់គ្នា ។ ៣-បងប្អូនដែលបានចេញចូលដោយលួចលាក់ មិនត្រូវមានការភ័យខ្លាចនោះទេ បើទោះជាមានជំងឺកូវីដ-១៩ ឬគ្មានក៏ដោយ ត្រូវតែទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃសិន ដើម្បីកុំអោយមានការឆ្លងរាលដាលនៅក្នុងសហគមន៍ និងប្រទេសជាតិរបស់យើង ។ ៤-សូមបងប្អូនមានការប្រុងប្រយ័ត្ន និងការពារកុំអោយឆ្លងជំងឺកូវីដ-១៩ ដោយត្រូវធ្វើអនាម័យលាងដៃនិងសាប៊ូ ជែល ឬអាល់កុលជាប្រចាំនៅពេលដែលបងប្អូនធ្វើដំណើរចេញពីផ្ទះ ឬពាក់ម៉ាស់ការពារ ជាពិសេសត្រូវរក្សាគម្លាតយ៉ាងហោច ១ម៉ែត្រកន្លះពីគ្នា ៕

ដោយ ៖ សាលី

ចំណែក