ស្រ្តីមានផ្ទៃពោះ និងស្រ្តីមានកូនតូច ក្រីក្រជួបការលំបាក ទទួលអំណោយពី សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

28

បាត់ដំបង ៖ ស្រ្តីមានផ្ទៃពោះ និងស្រ្តីមានកូនតូច មានជីវភាពក្រីក្រកំពុងជួបការលំបាក ២០គ្រួសារ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ទទួលបានអំណោយមនុស្សធម៌ពី សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ។

ការនាំអំណោយនេះ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាខេត្តនិងជាប្រធានក្រុមការងារឥស្សរជនឆ្នើមនៃសាខាបាត់ដំប នៅមណ្ឌលសុខភាពក្តុលដូនទាវ ក្រុងបាត់ដំបង ក្នុងឱកាសអបអរសាទរទិវាជាតិមាតា ទារក និងកុមារ ២១កុម្ភៈ ឆ្នាំ២០២១ ក្រោមប្រធានបទ៖ “បន្តផ្តល់សេវាគាំពារមាតានិងទារក ក្នុងកំឡុងពេលការរាតត្បាតជាសាកលនៃជំងឺកូវី-១៩” ក្នុងការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្ករសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

លោកជំទាវ ព្រំ វណ្ណា សមាជិកក្រុមការងារឥស្សរជនឆ្នើមនៃសាខាបាត់ដំបង បានអានសារលិខិតរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការ សហប្រជាជាតិដើម្បីសុខភាពស្រ្តីនិងកុមារ ក្នុងការថែទាំសុខភាពម្ដាយ និងកូនក្នុងបរិបទ “រស់នៅធម្មតាតាមបែបកន្លងថ្មី” ដូចតទៅ ៖

១-សូមឲ្យស្ត្រីមានផ្ទៃពោះទាំងអស់ ទៅពិនិត្យសុខភាពពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ឬឆ្មបជំនាញ នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះ ឲ្យបានទៀងទាត់ចំនួន៤ដង តាមពេលវេលា និងការណែនាំរបស់គ្រូពេទ្យ ទទួលយកសេវាបង្ការព្យាបាលទាំងអស់ ពិសេសស្ម័គ្រចិត្ត ធ្វើតេស្តឈាមរកមេរោគអេដស៍,ស្វាយ ដើម្បីរួមគ្នាលុបបំបាត់ការចម្លងរោគពីម្ដាយទៅកូន ។

២-សូមទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានគ្រូពេទ្យ ឬឆ្មបជំនាញ ទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ ។

៣-សូមទៅពិនិត្យសុខភាពក្រោយពេលសម្រាល ទាំងមាតាទាំងទារក យកកូនទៅទទួលថ្នាំបង្ការជម្ងឺ ១១មុខ តាមពេលវេលាកំណត់ ពិនិត្យតាមដានសុខភាព និងការលូតលាស់របស់កូនរហូតដល់កូនមានអាយុ ២ឆ្នាំ ។

៤-បំបៅទារកដោយទឹកដោះម្ដាយតែមួយមុខគត់ ចាប់ពីពេលទារកកើតភ្លាម រហូតដល់ទារកមានអាយុ ៦ខែ និងផ្ដល់អាហារបន្ថែមគ្រប់ មុខគ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅទឹកដោះម្ដាយ រហូតដល់កុមារមានអាយុយ៉ាងតិច ២ឆ្នាំ ។

៥-ប្រញាប់យកទារកទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយ នៃជំងឺរលាកផ្លូវដង្ហើម ជម្ងឺរាក ឬជម្ងឺផ្សេងទៀត និងយកទារក ឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងគីឡូសោះ ទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ ។

ក្នុងសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្រ្ទីរាជការ បុគ្គលិកសុខាភិបាល អ្នកផ្ដល់សេវាទាំងអស់ ចូលរួមគាំទ្រការអនុវត្តន៍ គោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធិភាពខ្ពស់ ឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅឆ្នាំ២០៣០ របស់រាជរដ្ឋាភិបាលតាមការកំណត់ និងអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្តរជាតិ សូមជួយ និងបន្តជួយវិនិយោគគាំទ្រដល់ការងារសុខភាពមាតា ទារក និង កុមានៅកម្ពុជា ។

ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា ក៏បានពាំនាំការសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ គិតគូរថែទាំសុខភាពអោយបានល្អ ដោយរស់នៅត្រូវមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហាររូបត្ថម្ភអោយបានត្រឹមត្រូវ ព្រមទាំងកម្ចាត់មូសខ្លាតាមរយ:ការរៀបចំសម្ភារៈក្នុងផ្ទះ អោយមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាអោយមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ កាប់ឆ្ការព្រៃជុំវិញផ្ទះអោយបានស្អាត និងជាពិសេសត្រូវទៅពិនិត្យផ្ទៃពោះតាមការកំណត់របស់គ្រូពេទ្យ និងសូមអោយថែរក្សាសុខភាពត្រូវមានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំចូលរួមការពារទប់ស្កាត់មេរោគកូវីដ-១៩។

បន្ថែមពីនេះឯកឧត្តមបណ្ឌិត ក៏បានជម្រាបជូនពីស្ថានការណ៍វិវត្តន៍ថ្មីនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ព្រមទាំងសូមឲ្យបងប្អូនទាំងអស់បន្តចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩នេះ តាមរយៈការបន្តអនុវត្តវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  គឺ៖  ៣ការពារ  (១.ពាក់ម៉ាស់, ២.លាងដៃ, ៣.គម្លាតសុវត្ថិភាពសង្គម  និងគម្លាតសុវត្ថិភាពបុគ្គល)  និង  ៣កុំ  (១.កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល, ២.កុំទៅកន្លែងមនុស្សច្រើនកុះករ, ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម) ។

គួរបញ្ជាក់ថា សម្ភារ:ដែលបានផ្តល់ជូនក្នុងម្នាក់ៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ឃីត ១កញ្ចប់(ភួយ ក្រមា សារុង អាវ១), ម៉ាស់ ២ដុំ(៥០សន្លឹក), សាប៊ូ ២ដុំ, ថវិកាចំនួន៥ម៉ឺនរៀល និងឧបត្ថម្ភមណ្ឌលសុខភាព នូវទឹកបរិសុទ្ធ១០កេស, ម៉ាស់១០ប្រអប់, ឧបត្ថម្ភក្រុមគ្រួសារពេទ្យមណ្ឌលសុខភាពចំនួន៧នាក់ ក្នុងម្នាក់ៗទទួលបាន ៖ ឃីត១កញ្ចប់(មុង ក្រមា សារុង) និងថវិកា៥ម៉ឺនរៀលផងដែរ ៕

ដោយ ៖ សាលី

ចំណែក