Connect with us

ព័ត៌មានជាតិ

ជិះកកង់ដើម្បី អបអរសាទរខួបលើកទី៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរលំរបបប្រល័យពូជសាសន៍ប៉ុលពត

ភ្នំពេញ ៖ សហព័ន្ធខ្មែរកីឡាទោចក្រយាន្ត សហការជាមួយអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំកម្មពិធីជិះកង់ ដើម្បី “អបអរសាទរខួបលើកទី៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរលំរបបប្រល័យពូជសាសន៍ប៉ុលពត” (២០មិថុនា១៩៧៧-២០មិថុនា២០២២) ។

កម្មវិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ដោយចេញដំណើរពីមុខវិមានឈ្នះឈ្នះ ទៅកាន់ភូមិកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងជួបសំណេះសំណាល ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

គួរបញ្ជាក់ថា ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាថ្ងៃដែលម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម ដោយខុសច្បាប់ ដើម្បីសុំអន្តរាគមន៍ជំនួយគាំទ្រ ផ្នែកប្រដាប់អាវុធ ដើម្បីរំដោះប្រជាជនកម្ពុជាពីរបបអាវខ្មៅ ឃោរឃៅយង់ឃ្នង ប៉ុលពត​ ។ បើគ្មាន២០ មិថុនា ១៩៧៧ ក៏គ្មាន១២ ឧសភា និង២ធ្នូ ឆ្នាំ១៩៧៨ ដែរ ហើយក៏មិនអាចមានថ្ងៃ ៧ មករា ដែលជាថ្ងៃផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត បានដែរ ៕