ករណីរថយន្តអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បុកម៉ូតូស្លាប់មនុស្សបីនាក់ប្តីប្រពន្ធនិងកូន អភិបាលខេត្តសន្យា​ថា ជួយ​ផ្គត់ផ្គង់​កូនស្រី​ច្បង​ឲ្យ​បាន​រៀនសូត្រ

ពោធិ៍សាត់ ៖ ករណីជនរងគ្រោះស្ទើមួយគ្រួសារ ៤នាក់ជិះម៉ូតូមួយគ្រឿង ត្រូវរថយន្តអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ បុកស្លាប់បីនាក់ រងរបួសធ្ងន់ម្នាក់ កាលពីរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ត្រង់ចំណុចផ្លូវកោងភ្នំក្បាលសៀម ស្ថិតនៅក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវឯកឧត្តម ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិ​បាលខេត្ត​ពោធិ៍សាត់ នាំ​យក​ថវិកា​ចំនួន​១០​លាន​រៀល និង​អង្ករ​២០០​គីឡូក្រាម ទៅ​ចូលរួម​បុណ្យសព​ជន​រង​គ្រោះ​ទាំង​០៣​នាក់ នៅ​ឯ​គេហដ្ឋាន​នៃ​សព ស្ថិត​នៅ​ភូមិ​ត្រាំ​សេះ ឃុំ​បឹង​បត់​កណ្ដោល ស្រុក​បាកាន កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ដោយ​បាន​សន្យា​ថា នឹង​ជួយ​ផ្គត់ផ្គង់​កូនស្រី​ច្បង​អាយុ​១២​ឆ្នាំ ឲ្យ​បាន​រៀនសូត្រ​បន្ត​ផង​ដែរ​។

តាមរបាយការណ៍របស់សមត្ថកិច្ច ជនរងគ្រោះជិះម៉ូតូម៉ាក់ហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាក់លេខពោធិ៍សាត់ 1N-1100 តាមទិសដៅពីត្បូងទៅជើងជិះគ្នា ៤នាក់ ក៏ត្រូវរថយន្តមួយគ្រឿងម៉ាក់តូយ៉ូតា VIGO ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ពោធិ៍សាត់ ដែលគេស្គាល់ថាជារថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ ពាក់ស្លាក់ 2C-9699 បើកបរ​ដោយ​ឈ្មោះ តាន់ មេ​សា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​និង​ឃុំ​ប្រមោយ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ក្នុងទិសដៅច្រាស់ទិសគ្នាក្នុងទិសដៅពីត្បូងទៅជើង ដោយប្រើល្បឿនលឿនហើយក៏បុកនិងម៉ូតូខាងលើ ចំពីមុខពេញទំហឹង បណ្ដាលឲ្យខាងភាគគីម៉ូតូ ស្លាប់០៣នាក់ នៅហ្នឹងកន្លែងភ្លាមៗ និងរបួសធ្ងន់ម្នាក់តែម្ដង។

ជន​រង​គ្រោះ​ដែល​ស្លាប់​ ១-​ឈ្មោះ ឈុំ សុ​ផុ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ (​ជា​ប្ដីជាអ្នកបើកន៉ូតូ​) ២-​ឈ្មោះ ហេង គឹ​ម​ឡេ​ង ភេទ​ស្រី អាយុ​២៧​ឆ្នាំ​(​ជា​ប្រពន្ធ​) និង​៣-​ឈ្មោះ ផុ​ន ផ​អ៊ី ភេទ​ស្រី អាយុ​០៥​ឆ្នាំ (​ជា​កូន​)​។ ចំណែក​កូនស្រី​ម្នាក់​ទៀត អាយុ​០៣​ឆ្នាំ រង​របួសធ្ងន់។ ក្រុម​គ្រួសារ​ជន​រង​គ្រោះ រស់នៅ​ភូមិ​ត្រាំ​សេះ ឃុំ​បឹង​បត់​កណ្ដោល ស្រុក​បាកាន ខេត្តពោធិ៍សាត់​។

តាមសមត្ថកិច្ចបញ្ជាក់ថា ករណីនេះកើតឡើងគឺដោយសារការបើកបរក្នុងល្បឿន​លឿន មិន​ប្រកាន់​ស្ដាំពីសំណាក់រថយន្តបង្ក រួមនិង​ផ្លូវ​កោង និង​ដី​ហុយ​ដោយមានរថយន្ដ​ខាង​មុខ​ផង​ ទើបបង្កជាគ្រោះថ្នាក់​។ ចំពោះសព​ជនរងគ្រោះទាំង​០៣​នាក់ បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ហើយ​កូនស្រី​អាយុ​០៣​ឆ្នាំ​ រងរបួសធ្ងន់បានបញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត និងបន្តបញ្ជូនទៅពេទ្យកាល់ម៉ែត្រ។ ដោយឡែកវត្ថុ​តាង អ្នកបើកបរ​និងរថយន្ដបង្ក បាន​ធ្វើការ​ឃាត់ខ្លួន​ បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​។

បើតាមការអោយដឹង ពីលោក ហេង សុភាណាអភិបាលរងខេត្តពោធិ៍សាត់ និងជាម្ចាស់រថយន្តបានអោយដឹងថា ករណីនោះលោកមិនបានបើកបរ ឬជិះក្នុងរថយន្តទេ ដោយតៃកុងជាអ្នកបើក តែករណីនេះ គឺ កំពុងអនុវត្តតាមច្បាប់ ៕

ដោយ ៖ សំណាង

CATEGORIES
Share This