ឯកឧត្តម  ឌិត ទីណា ៖ ការខិតខំលះបង់ របស់បងប្អូនអតីតយុទ្ធជន បាននាំមកនូវសន្តិភាពជូនប្រទេសជាតិ រហូតដល់បច្ចុប្បន្ន

បន្ទាយមានជ័យ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការខិតខំលះបង់កម្លាំងកាយចិត្ត សាច់ស្រស់ ឈាមស្រស់ ក្រុមគ្រួសារ របស់បងប្អូនអតីតយុទ្ធជន បាននាំមកនូវសន្តិភាពជូនប្រទេសជាតិ ពន្លត់នូវភ្លើងសង្គ្រាម ដ៏ខ្មៅងងឹត ក្រោយថ្ងៃរំដោះ ៧ មករា ប្រជាជនកម្ពុជា ទូទាំងប្រទេសរួចផុតពីទុក្ខភ័យ ថ្ងៃ ៧ មករា គឺជាថ្ងៃកំណើតទីពីររបស់ប្រជាជនកម្ពុជាចង់ចាំមិនភ្លេច ក្រោមការដឹកនាំដោយភាពប៉ិនប្រសប់របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកជីវិតធ្វើជាដើមទុន លះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុប្រទេសជាតិ ក្នុងនោះក៏មានការចូលរួមយ៉ាខ្លាំងខ្លាពីបងប្អូនអតីតយុទ្ធជន ដែលធ្វើឱ្យប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ រហូតដល់ពេលបច្ចុប្បន្ននេះ។

មានប្រសាសន៍ដូចនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ ជូនអតីតយុទ្ធជន ចំនួន ៣៣០គ្រួសារ និងបានប្រគល់ផ្ទះ១០ខ្នង ជូនអតីតយុទ្ធជន១០គ្រួសារ នៅមជ្ឈមណ្ឌលតេជោសន្តិភាព (ការ៉េពីរ) ស្ថិតនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្ត បន្ទាយមានជ័យកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២៥ ដោយមានការអមដំណើរដោយលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ។

ឯកឧត្តម បន្តថា សន្តិភាពទទួលបានក្រោយការបញ្ចប់សង្គ្រាម គឺជាការលំបាកមួយ ប៉ុន្តែការថែរក្សាសន្តិភាព និងស្ថិរភាពសង្គមជាតិ គឺជាការលំបាកមួយកម្រិតទៀត ដែលទាមទារឱ្យយេីងទាំងអស់គ្នាត្រូវរក្សាឱ្យបាន   គង់វង្សទោះស្ថិតនៅក្នុងតម្លៃណាក៏ដោយ។ 

ជាការតបស្នងនូវគុណូបការៈដ៏ធំធេង របស់បងប្អូនអតីតយុទ្ធជន ប្រមុខរាជរដ្ឋាភិបាលទាំងអាណត្តិចាស់ និងអាណត្តិថ្មី ពិសេសក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយរដ្ឋមន្ត្រីនីតិកាលថ្មី ក៏នៅតែបន្ត គិតគូរ យកចិត្តទុកដាក់លេីអតីតយុទ្ធជន ទាំងអស់ទូទាំងប្រទេស ឱ្យមានជីវភាពល្អប្រសេីរ មានផ្ទះរស់នៅ សុខសាន្ត មានដីធ្លី និងអាចទទួលប្រាក់បំណាច់នានា ដែលជាការលេីកទឹកចិត្ត និងជាអំណោយនូវការតស៊ូ របស់បងប្អូនអតីតយុទ្ធជនកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់នូវអំណោយរបស់ប្រមុខរាជរដ្ឋាភិបាលជូនដល់ពលរដ្ឋទាំង៣៣០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្គរ ២៥គីឡូក្រាម គ្រឿង ឧបភោគ បរិភោគ មួយចំនួន រួមនឹងថវិកា៥ម៉ឺន រៀល ។ ជាមួយគ្នានោះ ឯកឧត្ដម ក៏បានអញ្ជើញ ប្រគល់ផ្ទះ ១០ខ្នង ជូនដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារដែលកំពុងរស់ នៅមជ្ឈមណ្ឌលតេជោសន្តិភាព (ការ៉េពីរ) ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដេីម្បីរស់នៅផងដែរ ៕

CATEGORIES
Share This