ខេត្តបន្ទាយមានជ័យ អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៦ នៃទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩–២០២៥)
បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បានប្រារពពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥)។
ពិធីនេះបានរៀបចំឡើងនៅសួនតេជោឈ្នះឈ្នះ នៃក្រុងសិរីសោភ័ណ ក្រោមអធិបតីភាពឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងវត្តមាននិមន្តចូលរួមពី ព្រះសង្ឃ សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាល មន្រីរាជការ អាជ្ញាធរដែនដី យុវជន និងប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យយ៉ាងច្រើនកោះករ។
ឯកឧត្តម កែ គឹមយ៉ាន បានលើកឡើងថា ស្មារតីជ័យជម្នះ ៧ មករា ស្ថិតស្ថេរនឹងរស់រវើកក្នុងដួងចិត្តប្រជាជនកម្ពុជាគ្រប់រូបនិងគ្រប់ជំនាន់ ជាស្មារតីនៃសន្តិភាពនិងការបង្រួបបង្រួមជាតិនិងការអភិវឌ្ឍ ដែលប្រជាជនកម្ពុជាចងចាំមិនអាចបំភ្លេចបានថា មាតុភូមិកម្ពុជាបានឆ្លងកាត់អតីតកាលដ៏ខ្មៅងងឹតបំផុតដែលបានក្រាលជោកជាំដោយឈាម និងទឹកភ្នែករបស់ប្រជាជន។ជ័យជម្នះ ៧មករា បានវាយរលំរបបប្រល័យពូជសាសន៍ បានសង្រ្គោះអាយុជីវិតប្រជាជន ដែលបានសេសសល់ពីការកាប់សម្លាប់បានទាន់ពេលវេលា បិទទំព័រសករាជដ៏ខ្មៅងងឹត សាហាវយង់ឃ្នងបំផុតនៅកម្ពុជា ដណ្តើមបានមកវិញនូវ សិទ្ធិសេរីភាពគ្រប់បែបយ៉ាង សេចក្តីថ្លៃថ្នូរមនុស្សជាតិ បានធ្វើឱ្យរាល់តម្លៃទាំងខាងស្មារតី និងសម្ភារៈ របស់ប្រជាជាតិខ្មែរ ដែលបានកសាងពូនផ្តុំរាប់ពាន់ឆ្នាំមកហើយនេះបានរស់ឡើងវិញ។
នៅគ្រប់អាណត្តិ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្ស និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាអនុប្រធានគណបក្ស រួមជាមួយថ្នាកដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ និងសមាជិក សមាជិការទាំងអស់ បានរួមសាមគ្គីគ្នាបន្តខិតខំយកអស់កម្លាំងកាយចិត្តដោយមិននឿយហត់កសាងនិងអភិវឌ្ឍប្រទេស តាមកម្មវិធីនយោបាយជាតិ ដោយទទួលបានលទ្ធផលគួរជាមោទនៈ។
ឯកឧត្តម កែ គឹមយ៉ាន បានអំពាវនាវដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យុវជន ប្រជាពលរដ្ឋទាំងអស់ត្រូវបន្តរួមគ្នាថែរក្សា ការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនំាដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងប្រឆាំងដាច់ខាត ចំពោះគំនិតនិងជនអគតិដែលបំផ្លាញសុខសន្តិភាព ៕