Connect with us

ព័ត៌មានជាតិ

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ១,២៩៩ក្បាលដី ត្រូវប្រគល់ជូន ប្រជាពលរដ្ឋ ភូមិកូនត្រី

បន្ទាយមានជ័យ ៖ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ១,២៩៩ក្បាលដី បន្ទាប់ពីចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធរួចរាល់ ត្រូវបានប្រគល់ជូន ប្រជាពលរដ្ឋ ភូមិកូនត្រី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមការរៀបចំ និងគាំទ្រថវិកាដោយ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីសំណាក់ លោក លី សារី អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ ព្រមទាំងអាជ្ញាធរ លោក-លោកស្រី មេបញ្ជាការ មេបញ្ជាការងគ្រប់កង ឯកភាព មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្តមួយចំនួនទៀតផងដែរ  ។

លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា សម្រាប់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលនឹងត្រូវប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិកូនត្រី សរុបចំនួន ១,២៩៩ក្បាលដី ។ នីតិវិធីនៃការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធនេះ ធ្វើតាម ដំណាក់ គឺការកំណត់ តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូន ដំណឹង ដំណើរការផ្សព្វផ្សាយការចុះកំណត់ព្រំវាស់វែង និងវិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ។ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យរយៈពេល១៥ថ្ងៃដើម្បី ទុកលទ្ធភាពឱ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធ ធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និង ក្បាលដី របស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីខុសឆ្គង ។ ការផ្តល់សិទ្ធិចំពោះក្បាលដីណា ដែលមិនមានទំនាស់ចុះបញ្ជីចេញប័ណ្ណ និងចែកប័ណ្ណកម្មសិទ្ធិជូនម្ចាស់ដី ។

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ មានប្រសាសសន៍ថា ប័ណ្ណកម្មសិទ្ធិ គឺ មានផលប្រយោជន៍ជាច្រើនសម្រាប់បងប្អូនប្រជាពលរដ្ឋ ដូចជា ធានានូវសិទ្ធិរបស់អ្នកក្នុងការធ្វើជាម្ចាស់ ឬការកាន់កាប់ដីធ្លី អាចយកទៅប្រើប្រាស់ជារបស់ធានានៃការខ្ចីប្រាក់ ជាឯកសារសំអាងនៅពេលមានជម្លោះដីធ្លី ធ្វើឲកាន់តែប្រសើរចំពោះការផ្ទេរអចលនវត្ថុ និងអាចបង្កើនតម្លៃដីកាន់តែបានថ្លៃ ព្រោះទីផ្សារដីប្រកបដោយទំនុកចិត្ត ។ ជាមួយគ្នានោះលោក សូមថ្លែងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានបង្កើតឱ្យមានការចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធនេះឡើង និងបានកោធសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារដែលបាននិងកំពុងបន្តប្រឹងប្រែងក្នុងដំណើរការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនេះ ៕

ដោយ ៖ KPN