សង្ស័យរងការគាបសង្កត់ !ជនបរទេសរាប់សិបនាក់ មានទាំងបំពងទីប និងដំបងឈើ សម្រុកចេញពីកាសុីណូ អូរស្មាច់រីសត

ឧត្តរមានជ័យ៖ មានការភ្ញាក់ផ្អើលដោយពុំដឹងមូលហេតុអ្វី? ជនបរទេសចម្រុះជាតិសាសន៍​មួយ​ក្រុមជាង៥០នាក់ មានប្រុសមានស្រីប្រដាប់ដោយដំបង និងបំពងទីប បានសម្រុកចេញ​ពី​កាសុីណូ​មួយ​កន្លែងនៅមាត់ច្រកអន្តរជាតិអូរស្មាច ឆ្ពោះទៅផ្លូវភ្លោះ ​ស្ថិតនៅក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានសមត្ថកិច្ចចេញអន្តរគមន៍ នាំយកទៅសួរនាំនៅស្នងការនគរបាល​ខេត្តឧត្តរមានជ័យ។

តាមប្រភពព័ត៌មានពីច្រកអន្តរជាតិអូរស្មាច់ បានអោយដឹងថា កាលពីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ មានជនបរទេសចម្រុះជាតិសាសន៍ ប្រមាណជាង៥០នាក់ក្នុងនោះក៏មានស្រី ដែលមានកាន់ដំបងឈើ និងបំពងទីប សម្រុកចេញពីប្លុកក្រុមហ៊ុនកាសុីណូមួយកន្លែងឈ្មោះថា អូរស្មាច់រីសត ឆ្ពោះទៅផ្លូវភ្លោះនៃផ្លូវច្រកអន្តរជាតិអូរស្មាច់ ទោះសន្តិសុខរ៉េរាំយ៉ាងណា​ក៏មិន​បានរហូតដើរស្ទើដល់ជើងភ្នំ ទើបត្រូវបានសមត្ថកិច្ចនគរបាល អាវុធហត្ថ ចុះអន្តរាគមន៍កាក់សួរនាំបានមួយស្ទុះ ក៏ឃើញជនបរទេសទាំងនោះ ត្រូវបានសមត្ថកិច្ចអោយឡើងឡានយកទៅសួរនាំនៅស្នងការនគរបាលខេត្ត។

ជុំវិញករណីខាងលើនេះ បើតាមប្រភពនានាដែលសាព័ត៌មានយើងទទួលបាន ជនបរទេសទាំងនោះ ជាអ្នកធ្វើការខាងអនឡាញ ហើយសង្ស័យតែរងការគាបសង្កត់ បិទសិទ្ធិសេរីភាព ទើបពួកគេសម្រុកនាំគ្នាចេញមកក្រៅ ពេលដែលសមត្ថកិច្ចឃាត់បាន និយាយខ្លាំងៗ ជាភាសារបរទេស ដែលមិនមែនជាភាសារអង់គ្លេស ដែលមិនអាចអោយអ្នកសារព័ត៌មានស្តាប់បាន។

ទាក់ទងនិងករណីខាងលើនេះ អ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺ ពីសមត្ថកិច្ចអាជ្ញាធរនៃខេត្តឧត្តរមានជ័យ បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ..៕

CATEGORIES
Share This