រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៦ នៃទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥)
បាត់ដំបង ៖ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តបាត់ដំបងបានប្រារព្ធពិធីខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) ដែលមានអ្នកចូលរួមប្រមាណជាង ៧០០០នាក់ នៅមុខបរិវេណសួនសម្ដេចក្រឡាហោមវិមានឯករាជ្យ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងក្នុងឱកាសអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជំនះ ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥)ថា ថ្ងៃ៧ មករា ១៩៧៩ គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណា ឬកម្លាំងណាមកបំភ្លៃនិងបំផ្លាញបានឡើយ ពីព្រោះបានកើតចេញពីការលះបង់សាច់ ស្រស់ ឈាមស្រស់ និងភាពអង់អាចក្លាហានរបស់ថ្នាក់ដឹកនាំ កម្មាភិបាល យុទ្ធជន និងយុទ្ធនារីកម្ពុជា។
ឯកឧត្តមបានបន្តថា ៤៦ឆ្នាំកន្លងមកនេះ គឺផ្តើមចេញពីចំណងសាមគ្គីភាព និងការខិតខំពុះពារ របស់គណបក្សប្រជាជនកម្ពុជា បានកែប្រែមាតុភូមិពីគំនរផេះផង់ បានរស់រានឡើងវិញ និងមានការ អភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះក៏មានខេត្តបាត់ដំបងយើងផងដែរ ជាមូលដ្ឋានគ្រឹះសម្រាប់ឱ្យមាតុភូមិយើងឈានទៅសម្រេចគោលដៅដ៏ឧត្តុងឧត្តម គឺកម្ពុជាមានឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រិត ប្រជាធិបតេយ្យ និងវឌ្ឍនភាព។
បន្ថែមពីនេះឯកឧត្តមបានថ្លែងបញ្ជាក់ថា ខេត្តបាត់ដំបងពេលនេះបាននិងកំពុងប្រែមុខប្រែមាត់ កម្រិតជីវភាពប្រជាពលរដ្ឋបានប្រសើរឡើង និងសមិទ្ធផលធំៗ បានកើនឡើងជាច្រើន នូវហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ សក្តានុពលផ្នែក រមណីយដ្ឋានធម្មជាតិ រមណីយដ្ឋានកែឆ្នៃ រោងចក្រ សហគ្រាស សំណង់ប្រព័ន្ធធារាស្ត្រសម្រាប់ស្រោចស្រពដំណាំកសិកម្ម ក្រៅពីនោះនៅមានវិស័យសំខាន់ៗជាច្រើនទៀត ដែលជាតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋក្នុងការទទួលសេវាសាធារណៈមានភាពល្អប្រសើរ ៕
ដោយ ៖ សាលី