លោក អ៊ុំ រាត្រី ៖ រាជរដ្ឋាភិបាលបានយកចិត្តទុកលើកស្ទួយវិស័យពុទ្ធិកសិក្សា នៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន
បន្ទាយ មានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបានលើកឡើងថារាជរដ្ឋាភិបាល កម្ពុជាសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកលើកស្ទួយវិស័យពុទ្ធិកសិក្សា នៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន។ ហេីយ បាននឹងកំពុងខិតខំប្រឹងប្រែងបន្ត លើកតម្កើងសាលាបាលី ឱ្យរីកដុះដាលបន្ថែម។
លោកអ៊ុំ រាត្រីបានលើកឡើងក្នុងពិធីកាត់វិញ្ញាសាប្រឡងយកវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯកមណ្ឌលប្រឡងខេត្តបន្ទាយមានជ័យ នៅវិទ្យាល័យ សិរីសោភ័ណ ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ ២០២៥
ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញកម្មវិធីនយោបាយនូវការអភិរក្ស និងការអភិវឌ្ឍវិស័យសាសនា បន្តពង្រឹង និងការពង្រីកការអប់រំពុទ្ធិកសិក្សា ថែរក្សាមរតកប្រពៃណី និងទំនៀមទម្លាប់ក្នុងវិស័យពុទ្ធចក្រ, បណ្តុះបណ្តាលធនធានព្រះសង្ឃប្រកបដោយចំណេះដឹង និងគុណធម៌ ប្រកាន់វិន័យឱ្យបានខ្ជាប់ខ្ជួនតាមពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញ្ញាត។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបានបញ្ជាក់ឱ្យដឹងថា ការប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក សម្រាប់ដំណាច់ឆ្នាំសិក្សា២០២៤-២០២៥ នៅមណ្ឌលប្រឡងសាលាវិទ្យាល័យសិរីសោភ័ណ មានបេក្ខសមណៈ-បេក្ខជន ដែលបានដាក់ពាក្យសុំប្រឡងវិញ្ញាបនបត្រធម្មវិន័យ សរុបចំនួន ១៦៨៤ អង្គ/នាក់ និងបែងចែកជាបន្ទប់មានចំនួន ៦៨ បន្ទប់ ក្នុងនោះ ថ្នាក់ត្រី មាន ៤១ បន្ទប់ សមណសិស្ស-សិស្ស ចំនួន ១០២៥ អង្គ/នាក់, ថ្នាក់ទោ មាន ១៧ បន្ទប់ សមណសិស្ស-សិស្ស ចំនួន ៤០៨ អង្គ/នាក់, ថ្នាក់ឯក មាន ១០ បន្ទប់ សមណសិស្ស-សិស្សចំនួន ២៥១ អង្គ/នាក់។
ក្នុងឱកាសនោះដែរ ឯកឧត្ត អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងលោកជំទាវ ក៏បានជួយឧបត្ថម្ភចង្ហាន់សរុបចំនួន ២០០០ កញ្ចប់ ទឹកបរិសុទ្ធ ២០០យូរ ភេសជ្ជៈកូកា ចំនួន ៨៥កេះ ប្រគេដល់ព្រះសង្ឃ ដែលនិមន្តមកប្រឡងផងដែរ។ ព្រមជាមួយគ្នានោះ ឯកឧត្ដម អ៊ុំ រាត្រី និងលោកជំទាវ ក៏បានឧបត្ថម្ភ នូវទឹកសុទ្ធកម្ពុជា ចំនួន៦០កេសផងដែរ៕