លោក អ៊ុំ រាត្រី ៖ ក្រុមហ៊ុនរុករកធនធានរ៉ែលោហៈ នៅស្រកភ្នំស្រុក បង្កេីនឱកាសការងារដល់ពលរដ្ឋនៅមូលដ្ឋាននិងមានចំណូលចូលជាតិ

បន្ទាយ មានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ ២០២៥ ដោយមានការចូលរួមពីមន្ទីររ៉ែ និងថាមពល រួមមន្ទីរបរិស្ថាន អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បាន ចុះពិនិត្យទីតាំងដីជាក់ស្តែងតាមការស្នើសុំរបស់ក្រុមហ៊ុន ស្ថិតនៅក្នុងដែនដីអាជ្ញាបណ្ណរបស់ខ្លួនដែលមានទីតាំងស្ថិតនៅភូមិពន្លៃ ឃុំណាំតៅ និងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោកសង្ឃឹមយ៉ាងមុតមាំថា នៅពេលដែលក្រុមហ៊ុនដំណើរការ នឹងទទួលបានផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ទទួលបានឱកាសការងារធ្វើជាមួយនឹងក្រុមហ៊ុនបង្កើតប្រាក់ចំណូលគ្រួសារ កាត់បន្ថយការចំណាកស្រុកទៅធ្វេីការនៅក្រៅប្រទេស ។ ហើយមួយវិញទៀតក៏ទទួលបានចំណូលចូលរដ្ឋ តាមរយៈការស្វែងរកលោហៈនៅក្នុងទីតាំងខាងលើនេះផងដែរ។

តាមការចុះពិនិត្យទីតាំងជាក់ស្តែងនោះដែរ ឯកឧត្ដម អភិបាលខេត្ត ក៏បានពិភាក្សាការងារ ជាមួយក្រុមហ៊ុន រួមនឹងអជ្ញាធរពាក់ព័ន្ធ ពិនិត្យមើលនូវឯកសារពាក់ព័ន្ធ គឺមានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួង ក្នុងការស្វែងរុករកលោហៈ នៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ ពិសេសក្នុងស្រុកភ្នំស្រុក ដែលស្ថិតក្នុងតំបន់ការពារព្រៃសហគន៍កូនខ្លែង។ តាមរយៈ អាជ្ញាបណ្ណខាងលេីក៏មានការអនុញ្ញាតពីរាជរដ្ឋាភិបាល   និងក្រសួងជំនាញ ក្រសួងដែលអនុញ្ញាឱ្យរុករក គឺក្រសួងរ៉ែ និងថាមពល វាយតម្លៃផលប៉ះពាល់ដោយក្រសួងបរិស្ថាន ដែលបានអនុញ្ញាតឱ្យរុករកនៅទីតាំងខាងលេី។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន រ៉ក មីនើ រ៉លឡជី ឌីវេឡុបមិន ឯ.ក បានទទួលអាជ្ញាប័ណ្ណស្វែងរុករក(រ៉ែលោហៈ) ពីក្រសួងរ៉ែ និងថាមពល លេខ០០០៤ រថ.ឧអធរ.អប ក្នុងការស្វែងរុករកធនធានរ៉ែលោហៈ លើផ្ទៃដីទំហំ៧៧៣៧ហិកតា មានទីតាំងស្ថិតនៅភូមិពន្លៃ ឃុំណាំតៅ និងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ក្រោយពីបញ្ចប់នៃការសិក្សា នឹងទទួលបានលទ្ធផលល្អ ក្រុមហ៊ុនក៏នឹងធ្វើការដំណើរការសាងសង់រោងចក្រ ក្នុងដ៏ខ្លីខាងមុខ។ ហើយក្រុមហ៊ុនក៏សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការចូលរួមសហការជាមួយនឹងក្រុមហ៊ុន ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលេី ដើម្បីទទួលបានឱកាសការងារនៅពេលដែលរោងចក្រចាប់ផ្ដើមដំណើរការ៕

CATEGORIES
Share This