អភិបាលខេត្តកំពង់ស្ពឺ ណែនាំដល់មន្ទីរពាក់ព័ន្ធ ឱ្យធ្វើបច្ចុប្បន្នភាពដីអាស្រ័យផល និងដីព្រៃរបស់រដ្ឋ ដើម្បីរកអ្នកគ្រប់គ្រងជាក់ស្តែង និងទន្ទ្រានដីព្រៃ

កំពង់ស្ពឺ ៖ អភិបាលខេត្តកំពង់ស្ពឺលោកបណ្ឌិត ជាម ចន្ទ័សោភ័ណ បានណែនាំដល់មន្ទីរពាក់ព័ន្ធឱ្យធ្វើបច្ចុប្បន្នភាពឡើងវិញលើដីអាស្រ័យផលនិងដីព្រៃរបស់រដ្ឋ ដើម្បីរកឱ្យឃើញអ្នកគ្រប់គ្រងនិងអាស្រ័យផលជាក់ស្តែងនិងដីព្រៃដែលនៅសេសសល់ពីការទន្ទ្រានយក។ការណែនាំធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ក្នុងជំនួបសំណេះសំណាលជាមួយមន្ត្រីរដ្ឋបាលស្រុកថ្ពងនៃខេត្តកំពង់ស្ពឺ។

លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកឡើងថា មន្ទីរជំនាញពាក់ព័ន្ធមាន មន្ទីរបរិស្ថាន មន្ទីរកសិកម្ម និងមន្ទីរធនធានទឹក គប្បីរួមគ្នាធ្វើបច្ចុប្បន្នភាពលើការអាស្រ័យផលរបស់ប្រជាពលរដ្ឋជាក់ស្តែង ដើម្បីរដ្ឋបាលខេត្តមានវិធានការនិងចាត់ចែងជូនដល់ពលរដ្ឋអាចគ្រប់គ្រងដោយស្របច្បាប់និងដកហូតមកវិញចំពោះដីដែលកាប់រានដោយខុសច្បាប់។

លោកថា ស្រុកថ្ពងគឺជាស្រុកមួយដែលបាននិងកំពុងប្រឈមជាមួយនិងការឈូសឆាយ កាប់រានទន្ទ្រានយកដីព្រៃរបស់រដ្ឋទៅធ្វើជាកម្មសិទ្ធិ ហើយក្នុងនោះជម្លោះដណ្តើមកាន់កាប់ដីព្រៃដោយទុច្ចរិតក៏កើតមានច្រើនផងដែរ។ដូច្នេះអាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញពាក់ព័ន្ធខាងលើ ត្រូវពិនិត្យនិងធ្វើបច្ចុប្បន្នភាពឱ្យមានតម្លាភាពនិងសុច្ចរិតភាព ប្រយោជន៍ដើម្បីរក្សាដីព្រៃរបស់រដ្ឋឱ្យបានគង់វង្ស។

នៅក្នុងជំនួបនោះដែរ អភិបាលខេត្តកំពង់ស្ពឺលោក ជាម ច័ន្ទសោភ័ណ ក៏បានណែនាំផងដែរទៅស្រុក ក្រុងទាំង៩ត្រូវពិនិត្យឡើងវិញចំពោះស្លាកប៉ាណូទាំងអស់ដែលលើកផ្សាយពាណិជ្ជកម្មគឺមិនត្រូវឱ្យមានដាក់ស្លាកសញ្ញា ឬពាក្យស្លោកក្នុងន័យបំផុសឱ្យមហាជននាំគ្នាគាំទ្រឬផឹកស្រាបៀរនោះទេ។ជាមួយនោះក៏ត្រូវពិនិត្យឡើងវិញក្នុងមូលដ្ឋានរបស់ខ្លួនចំពោះការបើកឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងករណីទីតាំងល្បែងដែលបើកលេងដោយសំអាងថាមានការអនុញ្ញាតច្បាប់ពីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ រដ្ឋបាលស្រុកក្រុងត្រូវរាយការណ៍មករដ្ឋបាលខេត្តដើម្បីពិនិត្យឡើងវិញចំពោះការបើកលេងនេះ។មួយវិញទៀតក៏ត្រូវពង្រឹងនិងចាត់វិធានការឱ្យបានតឹងរឹងនិងម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើងគឺមិនអនុញ្ញាតឱ្យរួចខ្លួនឡើយ និយាយរួមងើបមួយបង្ក្រាបមួយ កុំនាំគ្នាវែកចកគឺត្រូវនាំគ្នាដកចកឬកើបចកចេញ ធ្វើយ៉ាងណាចូលរួមអនុវត្តន៍ឱ្យបាននូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ពិសេសអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងតាមសេចក្តីណែនាំលេខ ០៤ចុះថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៤ ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This