មេអាវុធហត្ថកំពង់ស្ពឺ ប្រកាសមិនលើកលែងទេ ចំពោះក្មេងទំនើង និងអ្នកពាក់ព័ន្ធជាមួយគ្រឿងញៀន
កំពង់ស្ពឺ ៖ មេអាវុធហត្ថខេត្តកំពង់ស្ពឺ ប្រកាសមិនលើកលែងទេចំពោះក្មេងទំនើង និងអ្នកពាក់ព័ន្ធជាមួយគ្រឿងញៀន មន្ត្រីអាវុធហត្ថទាំងអស់គ្រប់ក្រុងស្រុកត្រូវអនុវត្តឱ្យបានតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ពិសេសបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
នេះបើយោងតាមការលើកឡើងរបស់ លោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងឱកាសផ្សព្វផ្សាយលើកកម្ពស់ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន ផលប៉ះពាល់គ្រឿងញៀន បញ្ហាក្មេងទំនើង នៅអនុវិទ្យាល័យ ឆាយ ឆុប ស្ថិតនៅភូមិសំបួរ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ដែលមានការចូលរួមពីសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូនៃអនុវិទ្យាល័យនេះ។
លោកវរសេនីយ៍ទោ ណុល ដារ៉ា បានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវបទបញ្ជាយ៉ាងតឹងរឹងទៅដល់រាជធានីខេត្តនិងអង្គភាពពាក់ព័ន្ធក្នុងការរឹតបន្តឹងការចរាចរណ៍ ជួញដូរ ចែកចាយនិងប្រើប្រាស់សារធាតុញៀនក្នុងនោះក៏មានការប្រើប្រាស់បារីអេឡិចត្រូនិច(វែប)ផងដែរ។ហើយទន្ទឹមនេះក៏ត្រូវបង្ក្រាបឱ្យខានតែបានចំពោះក្មេងទំនើងដែលតែងបង្កការអុកឡុកនិងភាពភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសបង្កើតអសន្តិសុខដល់សង្គមជាតិ។
លោកថា ដើម្បីឱ្យប្រទេសជាតិគ្មានគ្រឿងញៀននិងលុបបំបាត់ក្មេងទំនើងបាន លុះត្រាតែយើងទាំងអស់គ្នាមានស្មារតីរួមគ្នាជាធ្លុងមួយ ហើយត្រូវចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួមរបស់សង្គមជាតិ ដែលត្រូវតែចូលរួមលុបបំបាត់ និងប្រយុទ្ធប្រឆាំងឱ្យបានស្របតាមទស្សនវិស័យរបស់រាជរដ្ឋាភិបាលគឺចូលរួមទាំងអស់គ្នា ដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន និងរួមគ្នាវិនិយោគ លើការបង្ការ ទប់ស្កាត់និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន។
នៅក្នុងឱកាសផ្សព្វផ្សាយនោះដែរលោកវរសេនីយ៍ទោ ណុល ដារ៉ា ក៏បានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ យុវជនគ្រប់ស្រទាប់វ័យ និងគ្រប់មជ្ឈដ្ឋានត្រូវចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួមដែលត្រូវចូលរួមដោះស្រាយនិងលុបបំបាត់ទាំងអស់គ្នា។ត្រូវនាំគ្នាធ្វើការអប់រំ ក្រើនរំលឹកពីផលប៉ះពាល់ វិនាសកម្មនៃគ្រឿងញៀន និងត្រូវមានជំហរដាច់ខាត មិនថាក្នុងកាលៈទេសៈណាក៏ដោយគឺមិនពាក់ព័ន្ធនឹងគ្រឿងញៀន មិនសាក មិនភ្លក់ និងមិនចង់ដឹងជាដាច់ខាត។ត្រូវនាំគ្នាចូលរួមវិនិយោគលើ វិធានការបង្ការ និងលើកកម្ពស់ការផ្សព្វផ្សាយ អប់រំឱ្យបានទូលំទូលាយទូទាំងប្រទេស ប្រកប ដោយភាពទាក់ទាញពេញនិយមនិងមានប្រសិទ្ធភាពបំផុត។
ជាមួយនោះលោកក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ជាពិសេសយុវជន យុវនារី សិស្សានុសិស្ស សូមទាញយកនិងប្រើប្រាស់ឱ្យបានទូលំទូលាយនូវកម្មវិធីទូរស័ព្ទដៃNoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាឃ្លាំងនៃចំណេះដឹងនិងប្រព័ន្ធអប់រំដ៏មានវិសាលភាពមួយ សម្រាប់ទទួលបានការកម្សាន្តបែបអប់រំ ខ្លឹមសារមេរៀនសំខាន់ៗ សម្រាប់ប្អូនៗក្មួយៗសិក្សាយល់ដឹង និងជាវិញ្ញាសាត្រៀមប្រឡងនានា ព័ត៌មានទាន់ហេតុការណ៍ទាំងជាតិនឹងអន្តរជាតិពាក់ព័ន្ធពីបញ្ហាគ្រឿងញៀន និងដើម្បីស្វែងយល់ពីសេវាបន្សាបព្យាបាល និងស្ដារនីតិសម្បទា។លើសពីនេះទៀត កម្មវិធីទូរស័ព្ទដៃ NoDrug ត្រូវបានប្រើប្រាស់ជាមធ្យោបាយរាយការណ៍សម្ងាត់ និងមានប្រសិទ្ធភាពបំផុត អំពីករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍ ដែលជាស្ពានដ៏សំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនងរវាងពលរដ្ឋក្នុងសហគមន៍ជាមួយសមត្ថកិច្ច។
ទន្ទឹមនេះក៏សូមលើកទឹកចិត្តដល់មាតាបិតា អាណាព្យាបាល ដែលមានសមាជិក គ្រួសារ ជាអ្នកញៀនគ្រឿងញៀន ត្រូវក្លាហានហ៊ានបញ្ជូនពួកគាត់មកទទួលការបន្សាប ព្យាបាលនិងស្តារនីតិសម្បទា ទាំងនៅមជ្ឈមណ្ឌលជាតិនិងឯកជន ដែលនេះគឺជាវិធីតែមួយគត់ដើម្បីឱ្យពួកគាត់អាចសមាហរណកម្មចូលសង្គមវិញបាននិងចាប់ផ្តើមអនាគតសារជាថ្មី ជាក្តីសង្ឃឹមឡើងវិញរបស់ប្រទេសជាតិ៕
ដោយ ៖ ប៊ុត សារុន