សិស្សពូកែ និងសិស្សបញ្ចប់កម្រិត ប្រចាំឆ្នាំ២០២៤ នៃសាលា អ៊ី ឌី ស៊ី ទទួលប័ណ្ណសរសើរ និងវិញ្ញាបនបត្រ

បន្ទាយមានជ័យ ៖ សាលា អ៊ី ឌី ស៊ី (EDC) សាខាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែធ្នូ  ឆ្នាំ២០២៤ បានរៀបចំពិធីផ្តល់ប័ណ្ណសរសើរ ដល់សិស្សពូកែប្រចាំឆ្នាំ២០២៤ និងចែកវិញ្ញាបនបត្របញ្ចប់ការសិក្សា តាមកម្រិតសៀវភៅ ដល់សិស្ស ចំនួនពីរសាខា។

ពិធីនេះប្រព្រឹត្តទៅ ក្រោមការចូលរួមពីសំណាក់ លោកចាប់ សុខម៉េង អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ, លោកស្រី ឈុន វណ្ណា នាយិកាសាលា អ៊ី ឌី ស៊ី, លោក អេម ពៅ ទីប្រឹក្សាសាលា អ៊ី ឌី ស៊ី និងលោកគ្រូអ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្ស សរុបប្រមាណជា ៣០០នាក់ ចូលរួមផងដែរ ។

លោកស្រី ឈុន វណ្ណា បានមានប្រសាសន៍លើកឡើងថា គិតមកដល់ឆ្នាំ២០២៤នេះ សាលាEDC មានអាយុ២០ឆ្នាំមកហើយ បន្ទាប់ពីបានបង្កើតឡើងតាំងពីឆ្នាំ២០០៤ ដោយឈរលើមាគ៍ាអបរំ ក្នុងការលើកស្ទួយវិស័យអប់រំ នៅកម្ពុជា ជាពិសេស នៅខេត្តបន្ទាយមានជ័យ ។ សាលាបានខិតខំពង្រឹង និងពង្រីក នូវសក្តានុពលរបស់ខ្លួនដោយបានបើកបន្ថែមជាបន្តបន្ទាប់ នូវសាខាបន្ថែមទៀតរហូតបានចំនួនបួនសាខា ក្នុងនោះ មាននៅក្រុងសិរីសោភ័ណ ចំនួន២ ស្ថិតក្នុងសង្កាត់អូរអំបិល និងសង្កាត់កំពង់ស្វាយនិងស្រុកមង្គលបូរី មានពីរសាខា សាខាភ្នំតូច និងសាខាភ្នំធំ ស្របតាមកំណាត់ផ្លូវជាតិលេខ៥ ។

លោកស្រីនាយិកា បានបន្តថា តាមរយៈសាខាទាំងបួនសាលា មានសិស្សដែលកំពុងសិក្សាប្រមាណ ជា១ពាន់នាក់។ ហើយដើម្បីឆ្លើយតបនិងការគាំទ្រពីអាណាព្យាបាលរបស់សិស្ស និងសិស្សានុសិស្ស និងស្របតាមនិយាមគរុកកោសល្យ ធ្វើយ៉ាងណាអោយសិស្សកាន់តែទទួលបាននូវគុណភាពអប់រំកាន់តែល្អបន្ថែមទៀត។

លោក ចាប់ សុខម៉េង អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យ ក៏បានមានប្រសាសន៍លើកឡើងផងដែលថា តាមរបាយការណ៍របស់លោកស្រីនាយិកាសាលា និងការបញ្ចេញសមត្ថភាពរបស់សិស្សសាលា អុី ឌី សុី ពិតជាសាលាមួយដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងវិស័យអប់រំនៅកម្ពុជាដោយក្នុងនោះ សាលាតែងអនុវត្តបានតាមគោលការណ៍ណែនាំរបស់មន្ទីរអបរំ និងក្រសួង ។ ដូចនេះ លោកស្នើដល់អាណាព្យាបាលសិស្ស បន្តយកកូនចៅមកសិក្សានៅសាលា EDC បន្ថែមដើម្បីទទួលចំណេះជំនាញ និងក្លាយជាកូនល្អ សិស្សល្អ និងជាទំពាំងស្នងឬស្សី ទៅថ្ងៃអនាគត។

ក្នុងពិធីនេះផងដែរ សាលាក៏បានបង្ហាញនូវចំណេះជំនាញរបស់សិស្សទាំងពីភេទ លើការសម្ដែងដូចជា ៖ ការរាំរបាំជូនពរ, ការសម្ដែងរឿងខ្លី, និងការបញ្ចេញសមត្ថភាពសម្តែងភាសាអង់គ្លេស និងការបង្ហាញស្នាដៃច្នៃប្រឌិតនានារបស់សិស្សផងដែរ ។

ក្រៅពីការចែកប័ណ្ណសរសើរដល់សិស្សពូកែ ដែលរៀនជាប់ចំណាត់ថ្នាក់លេខ១, ចំណាត់លេខ២ ចំណាត់ថ្នាក់លេខ៣ ដែលមានចំនួនសរុប ៦៣នាក់ និងចែកវិញ្ញាបនបត្របញ្ចប់ការសិក្សារួចមក ក៏មានការ ចាប់រង្វាន់អាហារូបករណ៍ ចំនួន១០កន្លែង រួមមាន ៖ អាហាររូបករណ៍៥០% ៤កន្លែង, ៧០% ២កន្លែង, ៨០% ២កន្លែង និង១០០% ២កន្លែង ដល់អាណាព្យាបាលសិស្សផងដែរ ៕

ដោយ ៖ K-P

CATEGORIES
Share This