លោកគ្រូអ្នកគ្រូ និងសិស្ស៦៨នាក់ ដែលទៅទស្សនកិច្ចនៅភ្នំគីរីរម្យ បានរួចផុតជីវិត ក្រោយរថយន្តក្រុងដាច់ហ្រ្វាំង
កំពង់ស្ពឺ ៖ ពិតជាសំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់ ដែលរថយន្តក្រុងដឹកសិស្ស និងលោកគ្រូអ្នកគ្រូទស្សនកិច្ចមកពីវិទ្យាល័យល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានជួបគ្រោះថ្នាក់ដាច់ហ្រ្វាំង បុកជាមួយដើមឈើក្រោយចុះពីលើភ្នំគីរីរម្យ។
ហេតុការណ៍កើតឡើងនៅរសៀលថៃ្ងទី២៩ ខែធ្នូ ឆ្នាំ២០២៤ ក្នុងភូមិសាស្រ្តស្រុកភ្នំស្រួច ឃុំចំបក់ លេីខ្នងភ្នំឧទ្យានជាតិ ព្រះកុសុមៈ ។
សមត្ថកិច្ចមូលដ្ឋានស្រុកភ្នំស្រួចបានឱ្យដឹងថា មានមនុស្សប្រមាណ៦៨នាក់ បានរួចរស់ជីវិត ក្រោយរថយន្តក្រុងចុះពីលើភ្នំគីរីរម្យ នៃរមណីយដ្ឋានឧទ្យានជាតិព្រះកុសមៈ បានដាច់ហ្វ្រាំងហើយតៃកុងបង្ខំចិត្តបើកបំបុកជាមួយដើមឈើ ដើម្បីទប់មិនឱ្យធ្លាក់ចុះចូលទៅក្នុងជ្រោះ ។
លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានឱ្យដឹងថា មនុស្សប្រមាណយ៉ាងតិច៦៨នាក់ ស្រី៤៣នាក់ នៅក្នុងរថយន្ដមានកូនសិស្សសាលា និងលោកគ្រូ អ្នកគ្រូ ដែលមកពីវិទ្យាល័យល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានរួចរស់ជីវិត បន្ទាប់ពីរថយន្តចុះពីលើភ្នំហើយដាច់ហ្វ្រាំង។
ក្នុងឧបទ្ទវហេតុនេះ មិនបង្កការខូចខាតគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិតមនុស្សនោះទេ ប៉ុន្តែបានបង្កឱ្យរងរបួសស្រាល និងធ្ងន់មនុស្សចំនួន២នាក់ គឺ អ្នកបេីកបរ និងព្រូរថយន្ត។
អធិការរូបនេះបានបន្តថា ពេលចុះពីលើភ្នំមកដល់ចំណុចកើតហេតុ រថយន្តបានដាច់ហ្វ្រាំងជាន់មិនជាប់ អ្នកបើកបរ បានបង្ខំចិត្តបុកលេខជាច្រើនដង ដើម្បីទប់ល្បឿន និងរកដើមឈើដើម្បីបុកទប់ កុំឱ្យរថយន្តជ្រុលធ្លាក់ចុះទៅក្នុងជ្រោះ ។
បច្ចុប្បន្នលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំង៦៨នាក់ ត្រូវបានអាជ្ញាធរជួយសង្រ្គោះ ឱ្យមានសុវត្ថិភាព និងនាំមកដល់ខាងក្រោមដោយសុវត្ថិភាពហើយ ៕
ដោយ ៖ ប៊ុត សារុន