តំបន់ប្រតិបត្តិការសឹករងប៉ៃលិន បានបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងអង្គភាព ឆ្នាំ២០២៤
ប៉ៃលិន ៖ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន កាលពីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤បានបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងអង្គភាព ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន និងជាអភិបាល នៃគណៈអភិបាលខេត្ត ដែលពិធីនេះក៍មានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរងយោធភូមិភាគទី៥ ,មេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរងខេត្ត ,អភិបាលក្រុង/ស្រុក, មេឃុំ/ចៅសង្កាតទាំង៨ ,នាយ នាយរងសេនាធិការ, គណៈកម្មការ យោធាចារ្យ, កម្មសិក្សាការី នាយទាហាន នាយទាហានរង និងពលទាហានជា ច្រើនរូបទៀត។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បាន មានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្នការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ ក្នុងការពង្រឹង ខឿន ការពារជាតិ តាមរយៈការផ្ដល់នូវចំណេះដឹង និងចំណេះធ្វើពិតប្រាកដឱ្យដល់កងទ័ព ជាពិសេសយោធិនដែលមានវ័យក្មេង ដែលជាប្រភពបន្តវេនជំនាន់ក្រោយ ដើម្បីចូលរួមថែរក្សាសុខសន្តិភាព មិនអនុញ្ញាតឱ្យជនណា ឬក្រុមណាមកបំផ្លាញ សុខ សន្តិភាពបានឡើយ ត្រូវរក្សាសាមគ្គីភាព និងស្មោះត្រង់ជានិច្ចជាមួយប្រមុខរាជរដ្ឋាភិបាល គាំទ្ររាជរដ្ឋាភិបាលគ្រប់ពេល វេលា ព្រោះប្រទេសជាតិយើងមានសន្តិភាពមកដល់ពេលនេះ ដោយការសាមគ្គីភាព ឯកភាពគ្នា និងការស្មោះត្រង់ និងត្រូវ ពង្រឹងពង្រីកការងារការកសាងធនធានមនុស្ស និងការកសាងអង្គភាពរបស់ខ្លួន។
លោកបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បន្តថា៖ នាយ-ពលទាហានទាំងអស់ ត្រូវបន្តយកចិត្តទុក្ខដាក់សិក្សា រៀនសូត្រការងារអប់រំចិត្តសាស្ត្រ បទវិន័យ លក្ខ័ន្តិកៈ កងយោពលខេមរភូមិន្ទ បទដ្ឋានគតិយុត្តិផ្សេងៗដែលជាច្បាប់ របស់ រដ្ឋ និងខិតខំបន្តស្រាវជ្រាវ ឯកសារថ្មីៗបន្ថែមទៀត បន្តរក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងល្អជានិច្ច ហើយត្រូវបន្តពង្រឹងជំហរ ស្មោះត្រង់ដាច់ខាតការពារ ជាតិ សាសនា ព្រះមហាក្សត្រ បន្តចូលរួមអនុវត្តន៏គោលនយោបាយយុទ្ធសាស្ត្រ បច្ចុកោណ របស់ រាជរដ្ឋាភិបាល។
ឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការ យោធភូមិភាគទី៥ បានមានប្រសាសន៍ លើក ឡើងថា៖ ស្ថិតនៅក្នុងពេលប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ ជាឱកាសសម្រាប់កងទ័ព ត្រូវខិតខំហ្វឹក ហ្វឺន បំប៉ន ពង្រឹងសមត្ថភាព ជំនាញ យុទ្ធវិធី ឲ្យបានស្ទាត់ជំនាញ ដើម្បីធានាបាននូវកិច្ចការពារជាតិ សាសនា ព្រះមហា ក្សត្រ រដ្ឋធម្មនុញ បូរណភាពទឹកដី ដែលជាកាតព្វកិច្ចរបស់យោធិនគ្រប់រូប ពិសេសយោធិនវ័យក្មេង ជាអ្នកបន្តភារកិច្ច ពីរៀមច្បងដែលមានវ័យចាស់។
ឯកឧត្តមឧត្តមសេនីយ៍ឯក ក៏បានមានប្រសាសន៍ផ្តាំផ្ញើរដល់សិក្ខាកាមទាំងអស់ពេលចូលបម្រើការនៅក្នុង អង្គភាព ខ្លួន វិញ គឺត្រូវយកចំណេះដឹងដែលទទួលបានពីការសិក្សារៀនសូត្រទៅប្រើប្រាស់ឲ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ ជាពិសេស ត្រូវស្មោះត្រង់ដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ ឈរលើមនសិការស្នេហាជាតិ គោរពឲ្យបានម៉ឺងម៉ាត់ រាល់ តួនាទី និងភារកិច្ចរបស់កងទ័ព និងបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃ ខ ភ ម បញ្ជាការដ្ឋាកងទ័ពជើងគោក និងយោធភូមិភាគទី៥ ដើម្បីពង្រឹងប្រៀបការពារជាតិ អធិបតេយ្យបូរណភាពទឹកដី រក្សា អោយ បានសុខសន្តិភាព និងការអភិវឌ្ឍន៏ ។
ក្នុងឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន ក៏បានមានប្រសាសន៍កោតសរសើរ ចំពោះថ្នាក់ដឹកនាំ និង យោធាចារ្យ ក៏ដូចជានាយ-ពលទាហាន ដែលបានខិតខំយកចិត្តទុកដាក់ អនុវត្តតាមផែនការរបស់ថ្នាក់លើ ជាពិសេសគឺ បានបើក និងបិទវគ្គហ្វឹកហ្វឺន តាមផែនការ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងសូមថ្លែងអំណរគុណចំពោះនាយ-ពលទាហានតំបន់ប្រតិបត្តិការសឹករងប៉ៃលិនទាំងអស់ ដែលកន្លងមកក្រៅពីភារកិច្ចស្នូលរបស់កងទ័ព គឺអង្គភាពបានខិត ខំប្រឹងប្រែងបំពេញបេសកកម្ម ចុះជួយប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផ្សេងៗ ដូចជា ខ្យល់កន្រ្តាក់ ទឹកជំនន់ និង ការងារ មនុស្សធម៌យ៉ាងសកម្ម ដោយមិនគិតការនឿយហត់ ឬយប់ថ្ងៃឡើយ ឈរលើភក្តីភាពរវាងកងទ័ព និងប្រជាជន ទីណាមានប្រជាជនជួបលំបាក ទីនោះមានមុខកងទ័ពចុះជួយជានិច្ច។
តាមរបាយការណ៍លោកឧត្តមសេនីយ៍ត្រី កែម អនុជ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន បានឲ្យដឹងថា ៖ ការហ្វឹកហ្វឺន បំប៉នពង្រឹងអង្គភាព តំបន់ប្រតិបត្តិការសឹករងប៉ៃលិន ដែលបានដំណើការ បើកវគ្គចាប់ពី ថ្ងៃទី២៧ ខែសីហា ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានរយៈពេល៩១ថ្ងៃ និងកម្លាំងហ្វឹកហ្វឺន រៀនសូត្រ ចំនួន៥៣នាក់ (យោធាចារ្យចំនួន៣ នាក់ និងសិក្ខាកាមចំនួន៥០ ហើយក្រោយពេលបានបញ្ចប់ការងារហ្វឹកហ្វឺនរៀនសូត្រ ក្រុមការងារបានវាយតម្លៃ បូកសរុបលទ្ធផល មានដូចខាងក្រោម ៖ និទ្ទេសល្អ ចំនួន ២៥នាក់ = ៥០%, និទ្ទេសបង្គួរ ចំនួន ១៥នាក់ = ៣០%, និទ្ទេសមធ្យម ចំនួន ១០នាក់ = ២០%, ទទួលបានលិខិតបញ្ជាក់ការសិក្សា ចំនួន ៥០នាក់, ទទួលបានប័ណ្ណសរសើរ ចំនួន ៦នាក់ និងទទួលបានលិខិតសរសើរ ចំនួន ៦នាក់ ៕