ក្រុងប៉ោយប៉ែតខ្មាំងកាំភ្លើង សង្ស័យជាជនបរទេស ជិះម៉ូតូចុះបាញ់យ៉ាងសាហាវ ស្លាប់ជនជាតិថៃម្នាក់
ប៉ោយប៉ែត ៖ ភ្ញាក់ផ្អើលទាំងកណ្តាលយប់ ដូចក្នុងរឿងដោយសារខ្មាំងកាំភ្លើង មានគ្នាបីនាក់ សង្ស័យជាជនបរទេស ជិះម៉ូតូមួយគ្រឿងឈប់ចុះបាញ់ប្រហារយ៉ាងសាហាវ ទៅលើភាគីម្ខាងទៀត ជិះម៉ូតូដូចគ្នាមានគ្នា២នាក់ បណ្តាលអោយម្នាក់ស្លាប់ពេលបញ្ជូនទៅពេទ្យនិងម្នាក់ទៀត រត់គេចផុតពីការបាញ់ប្រហារ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងជាង៩យប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវក្នុងភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
តាមអ្នកឃើញហេតុការណ៍ បានអោយដឹងថា ខណៈដែលឮសម្លេងផ្ទុះជាប់គ្នា ដូចគេដុតផាវតែមិនមែន បែបជាករណីផ្ទុះអាវុធ ពីអ្នកជិះម៉ូតូមួយគ្រឿងម៉ាស៊ូមមើអុិច ជិះគ្នាបីនាក់ដោយពីរនាក់ជាអ្នកជិះពីក្រោយ អ្នកបើកបានចុះបាញ់ប្រហារយ៉ាងសាហាវ ជាច្រើនគ្រាប់ទៅលើអ្នកដែលកំពុងជិះម៉ូតូម្ខាងទៀត បណ្តាលអោយត្រូវតែម្នាក់ដេកស្តូកស្តឹង នៅលើផ្លួវក្នុងថ្លុកឈាមដោយឡែកម្នាក់ទៀត រត់គេចស្រែកអោយគេជួយជាភាសាថៃ។ ក្រោយការបាញ់ប្រហារហើយខ្មាំងកាំភ្លើងបានជិះម៉ូតូគេចខ្លួនបាត់ ។ ចំណែកជនរងគ្រោះ ក្រោយកើតហេតុ ត្រូវបានអ្នកដែលរត់គេចខ្លួន បាននាំជនរងគ្រោះទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យ ហើយក៏ស្លាប់នឹងមន្ទីរពេទ្យ។
តាមប្រភពពីកន្លែងកើតហេតុ បាននិយាយថា ករណីខាងលើ ជាករណីជនជាតិថៃនឹងជនជាតិថៃ ព្រោះពេលជនម្នាក់រត់គេចពីការបាញ់ប្រហារ បានស្រែកអោយគេជួយជាភាសារថៃ។
ភ្លាមៗសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ហើយហ៊ុំព័ទ្ធទីតាំងទៅតាមជំនាញ់សមត្ថកិច្ច ៕