រុស្ស៊ី បើកការវាយប្រហារថ្ងៃបុណ្យណូអែល លើអ៊ុយក្រែនទ្រង់ទ្រាយធំ ខណៈអ៊ុយក្រែននិយាយថា ជាអំពើអមនុស្សធម៌
ប្រទេសរុស្ស៊ី បានបញ្ជាក់ពីអ្វីដែលខ្លួនហៅថាជាការវាយប្រហារដ៏ធំកាលពីថ្ងៃពុធសប្ដាហ៍នេះ ដោយនិយាយថា ការវាយប្រហាររបស់ខ្លួននាឱកាសនេះ គឺជាគោលដៅដ៏ជោគជ័យ។
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានថ្កោលទោសការវាយប្រហាររបស់រុស្ស៊ីកាលពីថ្ងៃពុធទី២៥ធ្នូថា ជាការវាយប្រហារដ៏អមនុស្សធម៌ ដែលបានបាញ់មីស៊ីលជាង១៧០គ្រាប់ និងយានដ្រូនជាច្រើនគ្រឿង លើបណ្ដាញថាមពលអគ្គិសនីរបស់ប្រទេសហែកហួរដោយសង្រ្គាមមួយនេះនៅថ្ងៃបុណ្យណូអែល សម្លាប់បុគ្គលិកក្រុមហ៊ុនថាមពលម្នាក់។
លោកថា រុស្ស៊ី បានជ្រើសរើសយកជម្រើសមានចេតនាវាយប្រហារនៅថ្ងៃបុណ្យណូអែល។ នេះគឺជាការវាយប្រហារទ្រង់ទ្រាយធំលើកទី១៣លើប្រព័ន្ធថាមពលរបស់ប្រទេសអ៊ុយក្រែន នៅឆ្នាំនេះ ជាយុទ្ធនាការដាក់គោលដៅចុងក្រោយរបស់រុស្ស៊ី លើថាមពលអ៊ុយក្រែនអំឡុងរដូវរងា។
អ្នកក្រុងគីវ បានទៅស្នាក់នៅក្នុងស្ថានីយ៍រថភ្លើងក្រោមដី ក្រោយយោធាអ៊ុយក្រែនប្រកាសអាសន្នទូទាំងប្រទេស ឆ្លើយតបការវាយប្រហារមីស៊ីលតម្រង់គោលដៅរបស់រុស្ស៊ី។
លោកនិយាយថាអាកាសធាតុត្រជាក់ខ្លាំងនៅព្រឹកថ្ងៃបុណ្យណូអែលនេះក្នុងប្រទេសអ៊ុយក្រែន ហើយយើងកំពុងទទួលបានរបាយការណ៍អំពីការដាច់ចរន្តអគ្គិសនីនៅក្នុងតំបន់ជាច្រើន ខណៈក្រុមអាជ្ញាធរព្យាយាមតភ្ជាប់ការដាច់ភ្លើងពីការវាយប្រហារទ្រង់ទ្រាយធំនេះ។
ការវាយប្រហារលើរោងចក្រថាមពលគឺជារឿងធម្មតានៅអ៊ុយក្រែន។ កាលពីខែកញ្ញា លោកប្រធានាធិបតី Zelensky បាននិយាយថា ៨០% នៃហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនត្រូវបានបំផ្លាញដោយគ្រាប់បែករុស្ស៊ី។ ចាប់តាំងពីពេលនោះមក ការបាញ់ផ្លោងពុំមានភាពធូរស្រាលឡើយ។ក្រោយការវាយប្រហារសប្ដាហ៍នេះលោកបានសន្យាថានឹងស្ដារគ្រឿងបរិក្ខារដែលរងការខូចខាត៕