ព្យុះព្រិលដ៏ធំនៅថ្ងៃបុណ្យណូអែល កំពុងគ្របដណ្ដប់លើប្រទេសតំបន់បាល់កង់

បណ្ដាប្រទេសនៅតំបន់បាល់កង់ជាច្រើន កំពុងតែរងផលប៉ះពាល់ពីព្យុះព្រិលដ៏កំណាច ក្នុងអំឡុងពេលបុណ្យណូអែលដ៏រីករាយ។ អាជ្ញាធរប្រទេសបូស្នី និងហឺហ្សេហ្គោវីណា និយាយថា លំនៅឋានជាង ២០០.០០០ខ្នង នៅទូទាំងប្រទេស ពុំមានអគ្គិសនីប្រើប្រាស់ពីរថ្ងៃមកហើយ កាលពីថ្ងៃពុធ (២៥ ធ្នូ) បន្ទាប់ពីព្យុះព្រិលដ៏ធំនៅមួយថ្ងៃមុននោះ បានបណ្តាលឱ្យមានការរំខានយ៉ាងទូលំទូលាយ។

បណ្តាញអគ្គិសនីធំៗបាននិយាយថា ផ្នែកភាគច្រើននៅតំបន់ភាគពាយព្យ និងកណ្តាលប្រទេសបូស្នី ទីប្រជុំជន និងភូមិនានា បានរងការដាច់ចរន្តអគ្គិសនីជាបន្តបន្ទាប់។ ព្រិលបានឈប់ធ្លាក់កាលពីថ្ងៃពុធ ស្របពេលដែលប្រជាជនកាន់សាសនាកាតូលិក កំពុងប្រារព្ធពិធីបុណ្យណូអែល ប៉ុន្តែផ្លូវថ្នល់ជាច្រើនខ្សែរនៅតែត្រូវបិទ ដោយកាត់ផ្តាច់ផ្លូវជាច្រើន។

នៅប្រទេសក្រូអាស៊ី ដែលនៅជិតខាង ក្រុមសង្គ្រោះបន្ទាន់និយាយថា ពួកគេបានជួយសង្គ្រោះមនុស្ស ៤៨នាក់ដែលត្រូវបានកប់នៅក្នុងព្រិល នៅភាគកណ្តាលតំបន់ លីកា (Lika)។ នៅប្រទេសស្លូវេនី អាជ្ញាធរនិយាយថា ខ្យល់បក់ខ្លាំង និងព្រិល បានធ្វើឱ្យឧទ្ធម្ភាគចក្រជួយសង្គ្រោះមិនអាចទៅដល់អ្នកឡើងភ្នំជនជាតិហុងគ្រី ដែលបានជាប់គាំងនៅតំបន់ភ្នំអាល់តាំងពីថ្ងៃអាទិត្យមក។

ប្រធានមន្ទីរសង្គ្រោះបន្ទាន់នៅទីក្រុង សាបាក់ (Sabac) ភាគខាងលិចប្រទេសស៊ែរប៊ី និយាយថា លំនៅឋានចំនួន ១០.០០០ខ្នង ក៏ពុំមានអគ្គិសនីប្រើប្រាស់ដែរកាលពីថ្ងៃពុធ ប៉ុន្តែបញ្ហានេះភាគច្រើនត្រូវបានស្តារឡើងវិញរួចហើយ៕

CATEGORIES
Share This