វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុម ប្រឹក្សាខេត្តប៉ៃលិន នៅស្រុកសាលាក្រៅ ដោះស្រាយបញ្ហាពលរដ្ឋបាន២៩ករពី
ប៉ៃលិន ៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុម ប្រឹក្សាខេត្តប៉ៃលិន នៅស្រុកសាលាក្រៅកាលពី ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ក្រោមការចូលរួមដឹកនាំពីលោក ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនដែលជាវេទិការមួយដើម្បីផ្ដល់ព័ត៌មាន ដល់ក្រុមប្រឹក្សាស្រុក ប្រឹក្សាឃុំ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ អំពីសមិទ្ធផល សម្រេចបាននូវការអនុវត្តសកម្មភាពនានារបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំទី១ បានឆ្លើយតបទៅនឹង បញ្ហាប្រឈម និងសំណូមពរ របស់ប្រជាពលរដ្ឋ ដែលបានលើកឡើងនៅក្នុងវេទិកាបានចំនួន២៩ករណី។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា វេទិការ ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តនាពេលនេះ គឺស្ថិតក្នុងគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលគោលបំណងសំខាន់ នៃគោលនយោបាយនេះរួមមាន៖*ទី១៖ ការកែលំអនូវ ប្រព័ន្ធអភិបាលកិច្ចនៅតាមថ្នាក់រដ្ឋបាលនានា ដើម្បីជំរុញដល់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន *ទី២៖ ការជំរុញកិច្ច អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច នៅមូលដ្ឋាន និង*ទី៣៖ ការរួមចំណែកកាត់បន្ថយភាពក្រីក្រនៅទូទាំងប្រទេសកម្ពុជា។
នាឱកាសនោះដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានជំរុញឲ្យសមាជិក សមាជិកាក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ លើកឡើងជាសំណួរ សំណូមពរ បញ្ហាប្រឈម និងក្តីទុក្ខកង្វល់ របស់ប្រជាពលរដ្ឋនៅ មូលដ្ឋាន ដើម្បីពិភាក្សារួមគ្នា ជាមួយអង្គភាពស្ថាប័ន ដែលមានសមត្ថកិច្ចពាក់ព័ន្ធ ហើយបន្តខិតខំប្រឹងប្រែង ដោះស្រាយ និងឆ្លើយតបតាមតម្រូវការ ព្រមទាំងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ សម្រាប់អភិឌ្ឍន៍មូលដ្ឋានប្រកបដោយ ចីរភាព ធានាបានការលើកកម្ពស់ ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយសមធម៌ លើកកម្ពស់គុណភាព ជីវិតរបស់ប្រជាពលរដ្ឋក្នុងបរិយាកាសមួយប្រកបដោយសន្តិភាពសុវត្ថិភាព និងសុខាមាលភាព ជាពិសេសបានផ្សព្វផ្សាយព័ត៌មាននានា ដែលជាសមិទ្ធផល របស់ក្រុមប្រឹក្សាសម្រេចបានក្នុងឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តក្នុងឆ្នាំ២០២៥ ទទួលយកនូវអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតបឱ្យមានប្រសិទ្ធភាព ។
លោក ជា ចាន់ឌិន ប្រធានក្រុមប្រេក្សាខេត្តបានលើកឡើងថាថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានព្ចោញ មតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្ដីកង្វល់ សំណូមពរ និងតំរូវការជាក់ស្ដែងក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសម្ថតកិច្ច ដោះស្រាយ និងឆ្លើយតបរាល់តំរូវការ សំណូមពរ ដែលបានលើកឡើង ចំគោលដៅទាន់ពេលវេលា ក្នុងការកែលំអ ក្នុង សហគមន៍របស់ពួកគាត់ ឱ្យកាន់តែល្អប្រសើរ ជាពិសេសពង្រឹងការចូលរូមរបស់ ប្រជាពលរដ្ឋ លើការអភិវឌ្ឍនៅតាមមូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើង ដើម្បីឆ្លើយតប ទៅនឹងគោលការណ៍នៃការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។
សូមបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកសាលាក្រៅ នាឱកាសនោះប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានា បានលើកឡើងនូវសំណួរ និងសំណូមពរ ដោយផ្ទាល់មាត់មានចំនួន ២៩ករណី និងសំនួរ ព្រមទាំងសំណូមពរ ជាលាយលក្ខណ៍អក្សរ(សម្រងសំណួរ)មានចំនួន ៣២ករណី ដោយឆ្លើយតបដោះស្រាយភ្លាមៗក្នុងអង្គវេទិការចំនួន ២៩ករណី៕