មន្ត្រីអាវុធហត្ថម្នាក់ ដកកាំភ្លើង បាញ់គម្រាម១គ្រាប់ឡើងលើ ក្រោយមានជម្លោះក្នុងវង់ផឹកស៊ី

90

សៀមរាប ៖ បុរសម្នាក់ ដែលគេស្គាល់ថា ជាមន្ត្រីអាវុធហត្ថម្នាក់នៅខេត្តសៀមរាប បានខឹងសម្បារហូត ដកកាំភ្លើងខ្លី បាញ់គម្រាមឡើងលើ១គ្រាប់ ក្រោយមានជម្លោះជាមួយគូកន ក្នុងវង់ផឹកស៊ី ។ 

ហេតុការណ៍ដែលគួរឲ្យភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង២១ និង១០នាទី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចភោជនីយដ្ឋានមហាលាភ៩៩៩៩ ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ 

សេចក្តីរាយការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ ជនបង្កដែលជាមន្ត្រីអាវុធហត្ថខាងលើ បានអង្គុយផឹកស៊ី ជាមួយគូកន១ក្រុម ក្រោយមកក៏ផ្ទុះទំនាស់ពាក្យសំដី បណ្តាលឲ្យបុរសម្នាក់ ក្នុងចំណោមគូកនផឹកស៊ី យកកែវស្រា គប់ទៅលើជនបង្ក បណ្តាលឲ្យរងរបួសថ្ងាស់ខាងឆ្វេង ហូរឈាមពេញមុខ ហើយរត់គេចខ្លួនបាត់ ដែលជាហេតុធ្វើឲ្យជនបង្កខឹងសម្បា ស្រែកឡូឡា ដើរចេញពីកញ្ចុះផឹកស៊ី សំដៅទៅរថយន្ត ទាញកាំភ្លើងខ្លី K54 ១ដើម ពីក្នុងរថយន្តដើរចេញមកពីខាងក្រៅ ហើយបានបាញ់គម្រាមឡើងលើចំនួន ០១គ្រាប់តែម្តង ។ 

ហេតុនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់បុគ្គលិក និងបណ្តាភ្ញៀវ ដែលកំពុងផឹកស៊ី ក្នុងហាងខាងលើ ។ 

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បាននិងកំពុងស្រាវជ្រាវរកសាក្សីដែលឃើញហេតុការណ៍ ដើម្បីអនុវត្តទៅតាមនីតិវិធីនៃច្បាប់ ៕

ចំណែក