សាលា អុី ឌី សុី សាខាភ្នំតូច និងភ្នំធំ ផ្តល់ប័ណ្ណសរសើរសិស្សពូកែ ឆ្នាំ២០២៤

បន្ទាយមានជ័យ ៖ សាលា អុី ឌី សុី (EDC)សាខាភ្នំតូច និងភ្នំធំ នៃខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំ ពិធីផ្តល់ប័ណ្ណសរសើរដល់សិស្សពូកែប្រចាំឆ្នាំ២០២៤ និងចែកវិញ្ញាបនប័ត្របញ្ចប់ការសិក្សា តាមកម្រិតសៀវភៅ ដល់សិស្សានុសិស្សនៃសាលា អុី ឌី សុី ទាំងពីរសាខា ។

ពិធីនេះប្រព្រឹត្តទៅក្រោមការចូលរួមពីសំណាក់ លោកចាប់ សុខម៉េង អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យ, លោកស្រី ឈុន វណ្ណា នាយិកាសាលា អុី ឌី សុី, លោក អេម ពៅ ទីប្រឹក្សាពិគ្រោះយោបល់ និងលោកគ្រូអ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្ស សរុបជាង ៣០០នាក់ចូលរួមផងដែរ ។

លោកស្រី ឈុន វណ្ណា នាយិការសាលា អុី ឌី សុី បានមានប្រសាសន៍លើកឡើងថា គិតមកដល់ឆ្នាំ២០២៤នេះ សាលា EDC មានអាយុ២០ឆ្នាំមកហើយ បន្ទាប់ពីបានបង្កើតឡើងតាំងពីឆ្នាំ២០០៤ ដោយឈរលើមាគ៌ាអបរំ ក្នុងការលើកស្ទួយវិស័យអបរំ នៅកម្ពុជា ជាពិសេសនៅខេត្តបន្ទាយមានជ័យ ។ សាលាបានខិតខំពង្រឹងពង្រីក នូវសក្តានុពលរបស់ខ្លួន ដោយបានបើកបន្ថែមជាបន្តបន្ទាប់នូវសាខាបន្ថែមទៀត រហូតបានចំនួនបួនសាខា ក្នុងនោះ មាននៅក្រុងសិរីសោភ័ណចំនួន២ ស្ថិតក្នុងសង្កាត់អូរអំបិល និងសង្កាត់កំពង់ស្វាយ ។ ចំណែកពីរសាខាទៀត នៅស្រុកមង្គលបូរី មាននៅសាខាភ្នំតូច និងសាខាភ្នំធំ ដែលទាំងពីរសាខានេះ សុទ្ធតែស្ថិតនៅស្របតាមកំណាត់ផ្លូវជាតិលេខ៥ ។

លោកស្រីនាយិការ បានបន្តអោយដឹងទៀតថា ការវិវឌ្ឍន៍ រីកចំរើនរបស់សាលា ក៏ដោយសារមានការគាំទ្រជឿទុកចិត្ត ពីសំណាក់អាណាព្យាបាលរបស់សិស្សនិងសិស្សានុសិស្សតែម្តង និងមិនអាចខ្វះបាននូវកត្តាសន្តិភាព និងរីកចំរើនយ៉ាងឆាប់រហ័ស នៃប្រទេសជាតិរួមនឹងកំណើនរបស់ពលរដ្ឋកម្ពុជាផងដែរ។

តាមរយៈសាខាទាំងបួន សាលាមានសិស្សដែលកំពុងសិក្សាសរុបជាង១០០០នាក់។ ដើម្បីឆ្លើយតបនិងការគាំទ្រពីអាណាព្យាបាលរបស់សិស្ស និងសិស្សានុសិស្សនិងស្របតាមនិយាមគរុកកោសល្យ ធ្វើយ៉ាងណាអោយសិស្សកាន់តែទទួលបាននូវគុណភាពអប់រំ កាន់តែល្អបន្ថែមទៀត។

លោក ចាប់ សុខម៉េង អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យ ក៏បានមានប្រសាសន៍លើកឡើងផងដែលថា តាមរបាយការណ៍របស់លោកស្រីនាយិការសាលា និងការបញ្ចេញសមត្ថភាពរបស់សិស្សសាលា អុី ឌី សុី ពិតជាសាលាមួយដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងវិស័យអប់រំរបស់កម្ពុជាដោយក្នុងនោះ សាលាតែងអនុវត្តបានតាមគោលការណ៍ណែនាំរបស់មន្ទីរអបរំ និងក្រសួង ។ ដូចនេះលោកបានស្នើដល់អាណាព្យាបាលសិស្ស បន្តយកកូនចៅមកសិក្សានៅសាលា EDC បន្ថែមដើម្បីទទួលចំណេះជំនាញ ក្លាយជាកូនល្អ សិស្សល្អ និងជាទំពាំងស្នងឬស្សីទៅថ្ងៃអនាគត។

ក្នុងកម្មវិធីនេះផងដែរ សាលាក៏បានបង្ហាញនូវចំណេះជំនាញ់របស់សិស្សទាំងពីភេទ លើការសំដែងដូចជា ៖ ការរាំរបាំជូនពរ, ការសម្ដែងរឿងខ្លី, និងការបញ្ចេញសមត្ថភាពសម្តែងភាសាអង់គ្លេស និងការបង្ហាញស្នាដៃច្នៃប្រឌិតនានារបស់សិស្ស ។

ក្រៅពីការចែកប័ណ្ណសរសើរ ដល់សិស្សពូកែដែលរៀនជាប់ចំណាត់ថ្នាក់លេខ១, ចំណាត់លេខ២ ចំណាត់ថ្នាក់លេខ៣ ដែលមានចំនួនសរុប ៦៩នាក់ និងចែកវិញ្ញាបនបត្របញ្ចប់ការសិក្សារួចមក ក៏មានការ ចាប់រង្វាន់អាហារូបករណ៍ ចំនួន១០កន្លែងរួមមានអាហាររូបករណ៍៥០%៤កន្លែង, ៧០%២កន្លែង, ៨០%២កន្លែង, និង១០០%២កន្លែង ដល់អាណាព្យាបាលសិស្សផងដែរ ៕

CATEGORIES
Share This