លោក អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នូវ

បន្ទាយមានជ័យ ៖ អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីធ្វើការស្រាវជ្រាវ ស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅកម្ពុជា ក៏ដូចជាខេត្តបន្ទាយមានជ័យ ទាំងរស់នៅដោយស្របច្បាប់ និងមិនស្របច្បាប់ ។

ជាមួយគ្នានោះដែរ អាជ្ញាធរមូលដ្ឋានក្រុង-ស្រុក ឃុំ-សង្កាត់ បើសិនជាមានករណីជនបរទេសមកស្នាក់នៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវធ្វើការចុះស្រង់ទិន្នន័យ សួរព័ត៌មាន ក៏ដូចជាឯកសារពាក់ព័ន្ធ ទាក់ទិននិងការស្នាក់ក្នុងប្រទេសកម្ពុជា ។

ការអំពាវនាវរបស់អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើឡើងកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ក្នុពិធីផ្សព្វផ្សាយផែនការលេខ០០៣ផក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការចុះត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា ជូនដល់សមត្ថកិច្ចពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់នាសាលប្រជុំសាលាបន្ទាយមានជ័យ។

ក្នុងពិធីនេះដែរឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លើកឡើងថា ដើម្បីចូលរួមលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ ក្រសួងមហាផ្ទៃបានរៀបចំវិធានការ កម្លាំង និងមធ្យោបាយជាក្រុមការងារប្រតិបត្តិការថ្នាក់អន្តរអគ្គ ដើម្បីគាំទ្រដល់ស្នងការដ្ឋាននគរបាលរាជធានី / ខេត្ត ក្នុងការ អនុវត្តសេចក្តីណែនាំលេខ ០២៨សណន ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ របស់ ក្រសួងមហាផ្ទៃ ស្តីពីការគ្រប់គ្រងវត្តមានជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា និងការធ្វើបច្ចុប្បន្នភាពជនបរទេសអន្តោប្រវេសន្តឱ្យមានប្រសិទ្ធភាព។ ពង្រឹងវិស័យសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈតាមបណ្តារាជធានី/ខេត្ត ដើម្បីធានាសុខដុមនីយកម្មរបស់ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរ និង អ្នកវិនិយោគជាតិ អន្តរជាតិ ឱ្យមកទស្សនា និងប្រកបរបររកស៊ីក្នុងព្រះរាជាណាចក្រកម្ពុជា មានជំនឿទុកចិត្តកាន់តែខ្លាំងឡើង។

យោងរបាយការណ៍ដែលផ្តល់ដោយ ស្នងការដ្ឋាននគរបាលខេត្ត គិតត្រឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានបង្ហាញថាក្នុងខេត្តបន្ទាយមានជ័យ មាន ៖ ១.ជនបរទេសអន្តោប្រវេសន្ត៖ សរុបចំនួន២៨៨គ្រួសារ មនុស្សរាយ ៤៣៦នាក់/ស្រី១៧៣នាក់ មាន៥សញ្ជាតិ។ ២.ជនបរទេសមិនមែនអន្តោប្រវេសន្ត៖ សរុបចំនួន ១៦១៥២នាក់/ស្រី ៤០៨៦នាក់ មាន៥៨សញ្ជាតិ ប្រកបមុខរបរភាគច្រើន គឺនៅតាមរោងចក្រ សណ្ឋាគារ កាស៊ីណូ និងអាជីវកម្មផ្សេងៗ។ ក្នុងនោះ ជនបរទេសស្នាក់នៅច្រើនជាងគេតាមប្រព័ន្ធ FPCS មាន៧សញ្ជាតិ ក្នុងនោះមាន៖ ឥណ្ឌូនេស៊ី មានចំនួន ៤២០១នាក់/ស្រី១ ០៦៩នាក់, ចិនចំនួន ៤១៩០នាក់/ស្រី៧០៤នាក់, វៀតណាមចំនួន ២២៥៩នាក់/ ស្រី៩៨៧នាក់, ឥណ្ឌាចំនួន ៩៣៦នាក់/ស្រី៥២នាក់, ថៃចំនួន៧៧០នាក់/ស្រី៣៦៣នាក់, សាធារណរដ្ឋ កូរ ចំនួន៦៩៣នាក់/ស្រី៩៥នាក់ និងប៉ាគីស្ថានចំនួន៤២១នាក់/ស្រី២៧នាក់៕

ដោយ ៖ K-P

CATEGORIES
Share This