បើកបរវ៉ាជែងក្នុងស្ថានភាពផ្លូវកោងបានជ្រុលចង្កូតទៅបុករថយន្តពេញទំហឹងបណ្តាលអោយស្លាប់និងរបួស០២នាក់

បាត់ដំបង ៖ ក្មេងសិស្សសាលាម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ 160T ស្ថិតក្នុងភូមិព្រៃទទឹង២ ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងរវាងរថយន្តម៉ាកហានដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-3723 បើកបរដោយឈ្មោះ សី សុខខុន ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិថ្នល់ដាច់ ឃុំដានរុន ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប ទិសដៅពីជើងទៅត្បូង ចំណែកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ  គ្មានស្លាកលេខ បើកបរដោយឈ្មោះ សាវួត វណ្ណៈ ភេទប្រុស អាយុ ១៥ឆ្នាំ (សិស្ស)រស់នៅភូមិពីងពង់ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង និងអ្នករួមដំណើរឈ្មោះ ធឿន ប៊ុនលាភ ភេទប្រុស អាយុ ១៤ឆ្នាំ (សិស្ស) រស់នៅភូមិដីឡូ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង បើកបរក្នុងល្បឿនលឿន ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចផ្លូវកោងបានជ្រុលចង្កូតទៅបុករថយន្តពេញទំហឹងបណ្តាលអោយម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់។

 ក្រោយពីកើតហេតុកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបវេល បានចុះទៅដឹកបញ្ជូនជនរងគ្រោះទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ ៖ សាលី

CATEGORIES
Share This